(ស៊ុយអែត)៖ ស៊ុយអែតបានសម្ពោធឲ្យប្រើប្រាស់ មូលដ្ឋានទ័ពជើងទឹកមួយកន្លែង ដែលស្ថិតនៅក្រោមភ្នំជាថ្មីឡើងវិញ ដោយសារការព្រួយបារម្ភអំពីសព្វាវុធរបស់រុស្ស៊ី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃពុធ ទី០២ ខែតុលា ឆ្នាំ២០១៩។
ក្រោយការឈប់ប្រើប្រាស់រយៈពេល ១៥ឆ្នាំ បន្ទាយទ័ពជើងទឹក មូសកូ (Musko) ដែលស្ថិតនៅចម្ងាយ ៧០គីឡូម៉ែត្រពីទីក្រុងស្តុកហូម (Stockholm) បានក្លាយជាផ្នែកនៃយោធាប្រទេសស៊ុយអែតជាថ្មីម្តងទៀត។ ពិធីសម្ពោធប្រើប្រាស់មូលដ្ឋានយោធានេះឡើងវិញ ត្រូវបានរៀបចំឡើងកាលពីថ្ងៃចន្ទសប្តាហ៍នេះដែលត្រូវនឹង ៥០ឆ្នាំគត់ក្រោយការសម្ពោធបន្ទាយ Musko ជាលើកដំបូងកាលពី១៩៦៩។
រដ្ឋមន្រ្តីការពារជាតិស៊ុយអែតលោក ភីធើ ហាល់វីសត៍ (Peter Hultqvist) បាននិយាយថា មូលដ្ឋានទ័ពជើងទឹក Musko អាចចាត់ទុកថា ជាមូលដ្ឋានធំបំផុតលោក ដែលមានលក្ខណៈយុទ្ធសាស្រ្តពិសេសនៅក្រោមភ្នំ ហើយវាមានសារសំខាន់ជាខ្លាំង និងធនធានសម្រាប់អនុញ្ញាតយោធាជើងទឹកស៊ុយអែត អាចធ្វើការអភិវឌ្ឍន៍ខ្លួនក្នុងរបៀបជាច្រើន។
គួរជម្រាបថា បើតាមអ្នកវិភាគនៅទីភ្នាក់ងារជ្រាវជ្រាវ សម្រាប់វិស័យការពារជាតិស៊ុយអែត ការសម្រេចប្រើប្រាស់បន្ទាយ Musko ឡើងវិញគឺត្រូវបានធ្វើឡើង ដោយផ្អែកលើការព្រួយបារម្ភចេះតែកើនឡើង អំពីសព្វាវុធទំនើបៗ និងពោរពេញដោយអានុភាពរបស់ប្រទេសរុស្ស៊ី ដែលតម្រូវឲ្យមានសមត្ថភាពការពារខ្លួនកម្រិតខ្ពស់។ លោក Hultqvist ផ្ទាល់ ព្រមទាំងមន្រ្តីស៊ុយអែតឯទៀតៗ ក៏ធ្លាប់បានលើកឡើងម្តងហើយម្តងទៀតដែរថា រុស្ស៊ីគឺជាហេតុផលចម្បងពីក្រោយកិច្ចប្រឹងប្រែង ដើម្បីពង្រឹងសមត្ថភាពការពារជាតិរបស់ស៊ុយអែត៕