(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានអំពាវនាវឱ្យកូរ៉េខាងជើង បញ្ឈប់រាល់សកម្មភាពបង្ករឿង និងបង្ហាញពីការប្ដេជ្ញាចិត្តត្រឡប់មករកតុចរចាវិញ បន្ទាប់ពីទីក្រុងព្យុងយ៉ាងបាញ់សាកល្បងមីស៊ីលជាថ្មីនៅព្រឹកថ្ងៃពុធនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី០២ ខែតុលា ឆ្នាំ២០១៩។
កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលមួយគ្រាប់ ចេញពីតំបន់ឆ្នេរសមុទ្រវ៉ុនសាន (Wonsan) ភាគខាងកើតប្រទេស ដោយវាហោះបានចំងាយ ៤៥០គីឡូម៉ែត្រ និងរយៈកម្ពស់ ៩១០គីឡូម៉ែត្រមុននឹងធ្លាក់ចូលក្នុងសមុទ្រជប៉ុន។ ចំណែកឯរដ្ឋាភិបាលជប៉ុនមុនដំបូងឡើយ ក៏បានឱ្យដឹងដែរថា ទីក្រុងព្យុងយ៉ាងបានបាញ់សាកល្បងមីស៊ីលមិនស្គាល់ម៉ាកចំនួនពីរគ្រាប់ ដោយមួយគ្រាប់បានធ្លាក់ចូលក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ជប៉ុន នៃឆ្នេរសមុទ្រក្នុងខេត្ត ហ្ស៊ីមែន (Shimane) និងមួយគ្រាប់ទៀតធ្លាក់នៅខាងក្រៅតំបន់នេះ។
ប៉ុន្តែបើតាមព័ត៌មានចុងក្រោយរបស់យោធាកូរ៉េខាងត្បួង មីស៊ីលមួយគ្រាប់ដែលកូរ៉េខាងជើងបានបាញ់សាកល្បងនេះ ទំនងជាប្រភេទមីស៊ីលបាលិស្ទីគ បាញ់ចេញពីនាវាមុជទឹក (SLBM)។ លើសពីនេះទៅទៀត នៅក្នុងសេចក្ដីថ្លែងការណ៍ ចេញពីវិមានប្រធានាធិបតី (Blue House) ប្រទេសកូរ៉េខាងត្បូងក៏បានថ្កោលទោស និងបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងផងដែរ ចំពោះការធ្វើតេស្ដមីស៊ីលប្រភេទនេះ ដែលកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីក្រុងព្យុងយ៉ាងយល់ព្រមជួបចរចាឡើងវិញ ជាមួយសហរដ្ឋអាមេរិកនៅថ្ងៃទី០៥ ខែតុលា ខាងមុខនេះ។
គួរបញ្ជាក់ថា ខណៈសហរដ្ឋអាមេរិកហាក់ដូចជាមិនបង្ហាញពីគោលជំហរតឹងរ៉ឹង ចំពោះធ្វើតេស្ដមីស៊ីលនេះ នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ បានថ្កោលទោសការធ្វើតេស្ដបែបនេះយ៉ាងខ្លាំងដោយចោទថា វាគឺជាទង្វើរំលោភលើដំណោះស្រាយ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ បើពិនិត្យតាមទីតាំងភូមិសាស្ត្រជាក់ស្តែង ទឹកដីជប៉ុនគឺប្រឈមមុខគ្រោះថ្នាក់ខ្លាំងជាងគេបំផុត ដោយសារតែការធ្វើតេស្តអាវុធថ្មីៗរបស់កូរ៉េខាងជើង៕