រកឃើញដុំមាសសរុប «១៣.៥តោន» ក្នុងផ្ទះអតីតអភិបាលក្រុង Ganzhou ប្រទេសចិន (Photo inside)
02-10-2019 15:37
(ប៉េកាំង)៖ អតីតអភិបាលក្រុងកាន់ចូវ (Ganzhou) លោក ចាង គី (Zhang Qi) ត្រូវបានដាក់ឱ្យនៅក្រោមការស៊ើបអង្កេត ពីបទសង្ស័យប្រព្រឹត្តអំពើពុករលួយ បន្ទាប់ពីអាជ្ញាធរចិនរកឃើញដុំមាសជាង ១៣.៥តោន នៅក្នុងផ្ទះរបស់លោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅរសៀលថ្ងៃពុធ ទី០២ ខែតុលា ឆ្នាំ២០១៩។
អាជ្ញាធរចិនបានរកឃើញដុំមាស ១៣.៥តោន ព្រមទាំងលុយសុទ្ធរាប់លានយ័ន និងវត្ថុមានតម្លៃជាច្រើននៅក្នុងផ្ទះរបស់លោក Zhang Qi នៅឯទីក្រុងហៃកូវ (Haikou) នៃខេត្តហៃណាន (Hainan) កាលពីពេលថ្មីៗនេះ។ ម្យ៉ាងវិញទៀត ក្រោយការចុះឆែកឆេរនេះ ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកបានរាយការណ៍ថា អតីតអភិបាលក្រុងរូបនេះត្រូវបានដាក់ឱ្យនៅក្រោមការស៊ើបអង្កេត កាលពីដើមខែកញ្ញាកន្លងទៅ ដើម្បីស្វែងរកការពិតនៅពីក្រោយដុំមាសដ៏ច្រើននេះ។
គួរបញ្ជាក់ថា នៅក្នុងប្រទេសចិនមន្ត្រីដែលត្រូវបានគេរកឃើញថា បានប្រព្រឹត្តអំពើពុករលួយ អាចនឹងប្រឈមមុខនឹងការកាត់ទោសប្រហារជីវិត នៅក្នុងករណីធ្ងន់ធ្ងរបំផុត ឬក៏អាចជាប់ទោសអស់មួយជីវិត ទៅតាមកម្រិតនៃការប្រព្រឹត្ត៕