(បរទេស)៖ រូបថតមួយសន្លឹកកំឡុងជំនួបជាប្រវត្តិសាស្រ្តរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីខែមិថុនា ឆ្នាំ២០១៨ នៅឯប្រទេសសិង្ហបុរី ត្រូវបានដាក់លក់ក្នុងតម្លៃ២៤,០០០ដុល្លារ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី០២ ខែតុលា ឆ្នាំ២០១៩។
លោក Gary Zimet ដែលជាអ្នកដាក់លក់រូបថតខាងលើ អះអាងថា ចំណុចពិសេសនៃរូបថតនោះ គឺវាមានហត្ថលេខាពិតៗរបស់លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ផ្ទាល់តែម្តង។ យ៉ាងណាមិញ លោក គីម ត្រូវបានគេស្គាល់ថា ជាមនុស្សដែលមិនសូវចូលចិត្តផ្តល់ហត្ថលេខាឡើយ ជាពិសេសទៅឲ្យអ្នកដទៃ ក្រៅពីបុគ្គលជំនិតៗរបស់លោក។ ដោយឡែក សម្រាប់លោក ត្រាំ វិញ គឺលោកធ្លាប់បានផ្តល់ហត្ថលេខារាប់មិនអស់ទៅហើយ ក្នុងមួយឆាកជីវិតរបស់លោក មកទល់ពេលនេះ។
គួរជម្រាបថា បើតាមលោក Zimet លោកបានរូបថតខាងលើកាលពីថ្ងៃអង្គារសប្តាហ៍នេះ ពីមិត្តភក្តិម្នាក់របស់លោក ដែលត្រូវជាមិត្តរបស់អ្នកកាសែតជនជាតិអង់គ្លេស ដែលជាអ្នកថតយករូបភាពខាងលើ។ រូបថតនោះ គឺថតនៅពេលលោក ត្រាំ និង លោក គីម ឈរទល់មុខគ្នា ហើយចាប់ដៃជាការស្វាគមន៍ ក្នុងឱកាសនៃការបើកជំនួបកំពូលលើកដំបូងជាប្រវត្តិសាស្រ្ត រវាងប្រធានាធិបតីអាមេរិកដែលកំពុងកាន់អំណាច ហើយនិងមេដឹកនាំរបស់ប្រទេសកូរ៉េខាងជើង ដែលបានប្រព្រឹត្តទៅនៅសិង្ហបុរី៕