(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ធ្លាប់បានលើកឡើងនូវគំនិត «បាញ់បំបាក់ជើងជនអន្តោប្រវេសន៍» នៅឯតំបន់ព្រំដែនរវាងម៉ិចស៊ីកូ-អាមេរិក ក្នុងករណីមានអំពើហិង្សាណាមួយផ្ទុះឡើង ដើម្បីបំបែកការតវ៉ា។ នេះបើតាម New York Times ដែលត្រូវបានដកស្រង់ចេញផ្សាយនៅរសៀលថ្ងៃពុធ ទី០២ ខែតុលា ឆ្នាំ២០១៩។
កាសែតអាមេរិក New York Times ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើប្រភពដែលខ្លួន ទទួលបានពីក្រុមមន្ត្រីអាមេរិកជាច្រើននាក់ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ ក្រុមមន្ត្រីដដែលបានឱ្យដឹងទៀតថា លោក ត្រាំ បានលើកឡើងនូវគំនិតបាញ់បំបាក់ជើងជនអន្តោប្រវេសន៍ ដើម្បីទប់ស្កាត់អំពើហិង្សានានា ដូចជាការចោលដុំថ្មលើអាជ្ញាធរជាដើម នៅក្នុងជំនួបជាមួយមន្ត្រីទីប្រឹក្សារបស់លោក កាលពីខែមីនា កន្លងទៅ។ ប៉ុន្តែព្រមពេលជាមួយគ្នា ក្រុមមន្ត្រីទីបឹក្សាទាំងនោះបានប្រាប់ លោកប្រធានាធិបតីអាមេរិកថា នេះគឺជាទង្វើខុសច្បាប់។
គួរបញ្ជាក់ថា គំនិតបាញ់បំបាក់ជើងជនអន្តោប្រវេសន៍របស់លោក ដូណាល់ ត្រាំ ក៏ត្រូវបានលើកឡើងនៅក្នុងសៀវភៅមួយមានចំណងជើងថា សង្គ្រាមព្រំដែន (Border Wars) របស់អ្នកកាសែតលោក ម៉ៃឃើល ហ្ស៊ែរ (Michael Shear) និងលោកស្រី ជូលី ហ៊ឺសហ្វែល ដេវីស (Julie Hirschfeld Davis) ដែលនឹងត្រូវចេញផ្សាយនៅថ្ងៃទី០៨ ខែតុលាខាងមុខនេះផងដែរ។ ម្យ៉ាងវិញទៀតបើទោះជាសេតវិមានមិនដែលទទួលស្គាល់ការអះអាងបែបនេះក៏ដោយ តែលោក ដូណាល់ ត្រាំ ផ្ទាល់ធ្លាប់ចាត់ទុកថា ការគប់ ឬចោលដុំថ្មលើអាជ្ញាធរគឺស្មើនឹងការបាញ់គ្រាប់កាំភ្លើង៕