(វ៉ាស៊ីនតោន)៖ នៅកំឡុងចុងឆ្នាំ២០១៨ សេតវិមានរបស់លោក ដូណាល់ ត្រាំ បានពង្រឹងសន្តិសុខប្រព័ន្ធលេខកូដសម្ងាត់ដ៏កំពូលរបស់ខ្លួន ដែលត្រូវបានគេស្គាល់ថា NSCICE (បរិស្ថាននៃកិច្ចសហការរក្សាការសម្ងាត់របស់ទីប្រឹក្សាសន្តិសុខ) ដើម្បីការពារកុំឲ្យមានការបែកធ្លាយកិច្ចសន្ទនារបស់ប្រធានាធិបតីអាមេរិក ជាមួយនឹងបណ្តាមេដឹកនាំ ពិភពលោកតទៅទៀត។ នេះបើតាមការចេញផ្សាយដោយ Politico នាព្រឹកថ្ងៃពុធ ទី០២ ខែតុលា ឆ្នាំ២០១៩។

តាមរយៈប្រព័ន្ធដែលត្រូវបានពង្រឹងសមត្ថភាព (Upgrade) ខាងលើនេះ គេនឹងអាចងាយស្រួល ស្វែងរកបុគ្គលណាខ្លះដែលបានចូលឆែកឆេរ និងធ្វើឲ្យព័ត៌មានបែកធ្លាយ ខណៈកាលពីមុនវិញគេបានត្រឹមដឹងអំពីអ្នកផ្សព្វផ្សាយរឿងសម្ងាត់ ឬក៏ដោនឡូដយកទិន្នន័យប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់ពីអតីតមន្ត្រីសេតវិមានពីររូប ដែលធ្លាប់ធ្វើការឲ្យរដ្ឋបាលលោក ដូណាល់ ត្រាំ។

គួរបញ្ជាក់ថា បើតាមពេលវេលានៃការបង្កើនសន្តិសុខទិន្នន័យសេតវិមានកាលពីឆ្នាំ២០១៨ និងការបែកធ្លាយកិច្ចសន្ទនាដ៏រសើបរវាងលោក ដូណាល់ ត្រាំ និងប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡិនស្កាយ (Volodymyr Zelenskyy) គឺបានកើតឡើងមុន និងក្រោយគ្នាមួយឆ្នាំប៉ុណ្ណោះ។ បច្ចុប្បន្នលោក ដូណាល់ ត្រាំ កំពុងប្រឈមមុខនឹងការរៀបចំនីតិវិធីដែលចោទប្រកាន់លោកថា បានប្រព្រឹត្តខុសវិន័យជាប្រធានាធិបតី តាមរយៈការស្នើសុំឲ្យមេដឹកនាំអ៊ុយក្រែន ឲ្យធ្វើរឿងមួយចំនួនឲ្យលោក ហើយគណបក្សប្រជាធិបតេយ្យដែលកំពុងគ្រប់គ្រងសភា ក៏កំពុងតែស្វះស្វែងយ៉ាងខ្លាំងក្នុងការរៀបចំនីតិវិធីទម្លាក់លោក ត្រាំ ចេញពីតំណែងផងដែរ៕