(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី០១ ខែតុលា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីន បានថ្លែងថា គ្មានកម្លាំងណាមួយអាចធ្វើឱ្យប្រទេសចិនរង្គោះរង្គើ និងរារាំងការអភិវឌ្ឍរបស់ចិនបានឡើយ។
២៖ រដ្ឋាភិបាលកូរ៉េខាងជើងនាថ្ងៃអង្គារនេះបានប្រកាសថា ខ្លួននឹងបន្តកិច្ចចរចានុយក្លេអ៊ែរឡើងវិញជាមួយ សហរដ្ឋអាមេរិក នាថ្ងៃសៅរ៍ចុងក្រោយសប្តាហ៍នេះតែម្តង។
៣៖ នាថ្ងៃអង្គារនេះស្ពានមួយកំណាត់បានបាក់ស្រុតនៅកោះតៃវ៉ាន់ ហើយបានសង្កត់លើទូកនេសាទមួយចំនួន ដែលធ្វើដំណើរកាត់ពីខាងក្រោមស្ពាននោះ ខណៈមនុស្សចំនួន ០៦នាក់ត្រូវបានគេសង្ស័យថា កំពុងជាប់ខ្លួន។
៤៖ កាលពីថ្ងៃចន្ទម្សិលមិញ រុស្ស៊ីបានទទួលជោគជ័យក្នុងការបាញ់សាកល្បង មីស៊ីលផ្លោងឆ្លងទ្វីប ICBM ឈ្មោះ Topol-M ចេញពីមូលដ្ឋានធ្វើតេស្តមីស៊ីល និងបាញ់បង្ហោះផ្កាយរណប Plesetsk នៅតំបន់ Arkhangelsk ភាគខាងលិចប្រទេសរុស្ស៊ី។
៥៖ រដ្ឋាភិបាលអូស្រ្តាលីបានចេញមុខទទួលស្គាល់ថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានស្នើឲ្យ នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក ស្កតត៍ ម៉ូរីសុន (Scott Morrison) ជួយក្នុងការស៊ើបអង្កេតទៅលើប្រភព ដែលផ្តើម ឲ្យមានការស៊ើបអង្កេតរបស់ រដ្ឋអាជ្ញាពិសេសអាមេរិកលោក រ៉ូប៊ឺត មូល្លឺ (Robert Mueller) ដែលពាក់ព័ន្ធនឹង រឿងអាស្រូវចោទរុស្ស៊ីថា បានចូលលូកលាន់ដំណើរការបោះឆ្នោតអាមេរិក កាលពីឆ្នាំ២០១៦ ហើយអាចលួចមានទំនាក់ទំនងជាមួយក្រុមយុទ្ធនាការបោះឆ្នោតរបស់លោក ត្រាំ ។
៦៖ តុលាការអ៊ីរ៉ង់បានផ្ដន្ទាទោសប្រហារជីវិត អតីតមន្ត្រីក្រសួងការពារជាតិម្នាក់ ពីបទធ្វើចារកម្មឱ្យសហរដ្ឋអាមេរិក៕