(អ៊ីតាលី)៖ គណបក្សចំរុះដែលកំពុងកាន់អំណាចនៅអ៊ីតាលី បានអំពាវនាវឱ្យមានការកាត់បន្ថយអាយុ ពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតជាអប្បបរមា មកនៅត្រឹម ១៦ឆ្នាំ ហើយបើសិនជាការកំណត់នេះត្រូវបានអនុវត្តមែននោះ វានឹងបង្កើនចំនួនអ្នកបោះឆ្នោត ១លាននាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃអង្គារ ទី០១ ខែតុលា ឆ្នាំ២០១៩។
ការអំពាវនាវខាងលើធ្វើឡើងដោយអតីតនាយករដ្ឋមន្ត្រីអ៊ីតាលី លោក អ៊ែនរីកូ ឡេតតា (Enrico Letta) នៅក្នុងការជជែកដេញដោលមួយកាលពីថ្ងៃចន្ទ និងបន្ទាប់ពីយុវជន ក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់បាននាំគ្នាតវ៉ា និងស្នើឱ្យមេដឹកនាំពិភពលោក ធ្វើសកម្មភាពប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ។ លោក Letta បានគូសបញ្ជាក់យ៉ាងដូច្នេះថា «វាគឺជាមធ្យោបាយមួយប្រាប់ទៅដល់ក្រុមយុវជនថា យើងពិតជាយកចិត្តទុកដាក់ចំពោះពួកគេ»។
គួរបញ្ជាក់ថា បច្ចុប្បន្នប្រជាជនអ៊ីតាលីមានអាយុ ១៨ឆ្នាំឡើង ទើបអាចមានសិទ្ធិបោះឆ្នោតជ្រើសរើសសមាជិកសភា ឬតំណាងរាស្ត្រ (រដ្ឋសភា) ហើយអ្នកមានអាយុ ២៥ឆ្នាំ អាចបោះឆ្នោតជ្រើសសមាជិកសភាជាន់ខ្ពស់ (ព្រឹទ្ធសភា)។ ដូច្នេះបើសិនជាការបន្ថយអាយុត្រូវបានអនុវត្ត នោះអ៊ីតាលីនឹងក្លាយជាប្រទេសទី ២ ក្នុងសហភាពអឺរ៉ុបបន្ទាប់ពីអូទ្រីស ដែលអនុញ្ញាតឱ្យប្រជាជនមានអាយុក្រោម ១៨ឆ្នាំ ចូលរួមក្នុងការបោះឆ្នោតថ្នាក់ជាតិ ស្របពេលប្រទេសអឺរ៉ុបមួយចំនួនទៀតដូចជា អាល្លឺម៉ង់ និងស្កុតឡែន យល់ព្រមឱ្យប្រជាជនរបស់ខ្លួនមានអាយុ ១៦ឆ្នាំ ចូលរួមក្នុងការបោះឆ្នោតត្រឹមថា្នក់តំបន់តែប៉ុណ្ណោះ៕