(ហាងចូវ)៖ ទូកនេសាទប្រមាណ ១៨,៧៤១គ្រឿង ស្ថិតនៅខេត្តជេជាំង (Zhejiang) ភាគខាងកើតប្រទេសចិន ត្រូវបានបញ្ជាឲ្យចូលមកចតនៅកំពង់ផែវិញហើយ គិតត្រឹមល្ងាចថ្ងៃអង្គារនេះ ចំពោះមុខការមកដល់នៃព្យុះទីហ្វុងកំណាច មីថេច (Mitag) ដែលអាជ្ញាធរចិនទើបដំឡើងការប្រកាសអាសន្នដល់ពណ៌ក្រហម ដែលជាកម្រិតខ្ពស់បំផុត។ នេះបើតាមការចេញផ្សាយដោយស៊ីនហួរ នាល្ងាចថ្ងៃអង្គារ ទី០១ ខែតុលា ឆ្នាំ២០១៩។
មជ្ឈមណ្ឌលឧតុនិយមចិន NMC បានឲ្យដឹងទៀតថា ព្យុះទីហ្វុង Mitag កំពុងបោកសង្គ្រប់មកលើតំបន់ឆ្នេរភាគខាងជើងនៃខេត្ត Zhejiang នៅល្ងាចថ្ងៃអង្គារនេះ ដោយល្បឿនយ៉ាងលឿនបំផុត។ អាជ្ញាធរចិនកំពុងតែបន្តតាមដានទិសដៅព្យុះនេះនៅឡើយ ខណៈប្រជាជនរស់នៅតាមតំបន់ឆ្នេរខាងលើនេះ ត្រូវបានបង្គាប់ឲ្យជម្លៀសចេញ៕