(វ៉ាស៊ីនតោន)៖ លោក ស្ទេវ ប៊ែនណុន (Steve Bannon) ដែលជាអតីតទីប្រឹក្សាផ្នែកយុទ្ធសាស្រ្តរបស់លោក ដូណាល់ ត្រាំ នាដើមសប្តាហ៍នេះ បាននិយាយថា អតីតរដ្ឋមន្ត្រីការបរទេសលោកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) ទំនងជានឹងឈរឈ្មោះប្រកួតប្រជែងជាថ្មីម្តងទៀត ក្នុងការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីអាមេរិកឆ្នាំ២០២០។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃអង្គារ ទី០១ ខែតុលា ឆ្នាំ២០១៩។
លោក Banon បានលើកឈ្មោះរបស់លោកស្រី Clinton ឡើងបែបនេះ កំឡុងការផ្តល់កិច្ចសម្ភាសន៍មួយជាមួយសារព័ត៌មាន Fox Business នាថ្ងៃចន្ទសប្តាហ៍នេះ នៅពេលលោកបាននិយាយទាក់ទងការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីអាមេរិកអាណត្តិថ្មី នៅឆ្នាំក្រោយ។ លោក Steve Bannon បានគូសបញ្ជាក់ថា លោកស្រី Clintonច្បាស់ជានឹងឈរឈ្មោះបោះឆ្នោត ប៉ុន្តែលោកស្រីកំពុងតែព្យាយាមរិះរកផ្លូវធ្វើយ៉ាងណា ដើម្បីចូលខ្លួនមកឲ្យបានសាកសមប៉ុណ្ណោះ។
គួរជម្រាបថា ទោះនាពេលកន្លងទៅលោកស្រី Clinton ដែលបច្ចុប្បន្នមានវ័យ ៧១ឆ្នាំ ធ្លាប់បានប្រកាសជាសាធារណៈថា ខ្លួននឹងមិនបន្តឈរឈ្មោះជាលើកទីបី សម្រាប់តំណែងប្រធានាធិបតីអាមេរិកក៏ដោយ ក៏លោកស្រីបានសង្កត់ធ្ងន់ថា លោកស្រីនឹងនៅតែរក្សាការបញ្ចេញមតិហើយងើបតស៊ូ ដើម្បីការពារក្តីជឿជាក់របស់លោកស្រី។ ថ្មីៗនេះលោកស្រី Clinton ក៏បានសម្តែងការគាំទ្រ ចំពោះការសម្រេចចិត្តរបស់សភាតំណាងរាស្រ្តអាមេរិក ក្នុងការចាប់ផ្តើមនីតិវិធីចោទប្រកាន់ជាផ្លូវការលើលោក ដូណាល់ ត្រាំ ដើម្បីឈានទៅដល់ការទម្លាក់ពីតំណែងផងដែរ។
ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០១៦ វិញលោកស្រី Hillary Clinton បានទទួលបរាជ័យក្រោមស្នាដៃរបស់លោក ដូណាល់ ត្រាំ ដោយសារតែសំឡេងនៃអង្គប្រតិភូឆ្នោត (Electoral Vote) បើទោះបីជាលោកស្រី ទទួលបានសំឡេងឆ្នោតសរុបពីប្រជាជនអាមេរិក (Popular Vote) ច្រើនជាងលោក ដូណាល់ ត្រាំ ដល់ទៅជិត ៣លានសំឡេងក៏ដោយ។ ក្រោយយកឈ្នះលោកស្រី Clinton លោក ត្រាំ ក៏បានស្បថឡើងកាន់តំណែងជាប្រធានាធិបតីទី ៤៥ របស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧៕