(ប៉េកាំង)៖ ថ្ងៃអង្គារ ទី០១ ខែតុលា ឆ្នាំ២០១៩នេះ គឺជាខួបលើកទី៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ ពិធីប្រារព្ធខួបនេះ ត្រូវបានធ្វើឡើងនៅឯទីលាន Tiananmen ក្នុងទីក្រុងប៉េកាំង ជាមួយការធ្វើព្យុហយាត្រាយោធាដ៏ធំសម្បើម ក្រោមវត្តមានប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងអ្នកចូលរួមជិត ១០០,០០០នាក់។ អតីតមេដឹកនាំកំពូលចិន លោកប្រធាន ម៉ៅ សេទុង បានប្រកាសបង្កើតសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី០១ ខែតុលា ឆ្នាំ១៩៤៩។
* ប្រវត្តិត្រួសៗ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន
នៅឆ្នាំ១៩១២ សាធារណរដ្ឋចិនរបស់លោក Sun Yatsen ត្រូវបានបង្កើតឡើង បន្ទាប់ពីបដិវត្តន៍ផ្ដួលរំលំរបបរាជានិយមចិន ដែលបានដឹកនាំប្រទេស ចាប់តាំងឆ្នាំ២២១ មុនគ.សមក។ ប៉ុន្តែការបង្កើតសាធារណរដ្ឋថ្មីនេះ ត្រូវប្រឈមមុខនឹងភាពចលាចល និងអស្ថេរភាពយ៉ាងខ្លាំង ដោយសារមិនមានរដ្ឋាភិបាលកណ្ដាលច្បាស់លាស់នោះទេ។
នៅឆ្នាំ១៩២១ គណបក្សកុម្មុយនិស្ដចិនត្រូវបានបង្កើតឡើង ហើយនៅឆ្នាំ១៩២៧ សង្រ្គាមស៊ីវិលមួយបានផ្ទុះឡើងរវាង ក្រុមអ្នកកុម្មុយនិស្ដ និងគណបក្សជាតិនិយម Kuomintang ដែលបានកាន់អំណាចនៅឆ្នាំ១៩២៨ និងដែលបានបើកប្រតិបត្តិការតាមសម្លាប់រង្គាល អ្នកកុម្មុយនិស្ដនៅក្នុងប្រទេសចិន។ តមកទៀតនៅឆ្នាំ១៩៣៧ ទាហានជប៉ុនបានឈ្លានចូលប្រទេសចិន ហើយនៅពេលនោះដែរ ភាគីទាំង២ បានយល់ព្រមចុះកិច្ចព្រមព្រៀងមួយដើម្បីរួមដៃគ្នាប្រយុទ្ធជាមួយ កងទ័ពឈ្លានពានជប៉ុន។ ប៉ុន្តែនៅក្រោយជប៉ុនចាញ់ក្នុងសង្រ្គាមលោកលើកទី២ សង្រ្គាមស៊ីវិលរវាងអ្នកកុម្មុយនិស្ដ ដឹកនាំដោយ ម៉ៅ សេទុង និងគណបក្ស Kuomintang ដឹកនាំដោយ Tchang Kaï-chek បានផ្ទុះឡើងជាថ្មី។
នៅចុងបញ្ចប់ គឺក្រុមអ្នកកុម្មុយនិស្ដចិនដែលជាអ្នកទទួលបានជ័យជម្នះ ហើយលោកប្រធានម៉ៅ សេទុង បានប្រកាសបង្កើតសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី០១ ខែតុលា ឆ្នាំ១៩៤៩។ ចំណែកឯលោក Tchang Kaï-chek និងកងទ័ព Kuomintang ១០០,០០០នាក់ បានរត់ភៀសខ្លួនទៅនៅឯកោះតៃវ៉ាន់ នៅខែមេសា ឆ្នាំ១៩៥០។
តែទោះជាយ៉ាងនេះក្ដី សហរដ្ឋអាមេរិក កំឡុងពេលនោះដែរបានចេញមុខព្រមានចិនកុំឱ្យឈ្លានពានចូលតៃវ៉ាន់ ហើយថានឹងធ្វើអន្តរាគមយោធា ក្នុងករណីតៃវ៉ាន់រងការវាយប្រហារណាមួយពីចិន។ ជាក់ស្ដែងមកទល់នឹងពេលនេះ សំណុំរឿងតៃវ៉ាន់ នៅតែជាបញ្ហាចោទនៃទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង។
សហរដ្ឋអាមេរិក បានបង្កើនការលក់សព្វាវុធ និងជួយពង្រឹងសមត្ថភាពការពារជាតិរបស់កោះតៃវ៉ាន់ នារយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះ ដោយមិនខ្វល់ពីការព្រមានចិន។ យោធាចិនតែងតែព្រមានជារឿយៗ ថាខ្លួននឹងមិនស្ទាក់ស្ទើឡើយ ក្នុងការប្រើប្រាស់កម្លាំងយោធាដើម្បីបង្រួបបង្រួមជាតិ បើសិនជាតៃវ៉ាន់ហ៊ានប្រកាសឯករាជ្យ ឬក៏សហរដ្ឋអាមេរិក ព្យាយាមបំបែកតៃវ៉ាន់ចេញពីចិន៕