(ម៉ូស្គូ)៖ កាលពីថ្ងៃចន្ទម្សិលមិញ រុស្ស៊ីបានទទួលជោគជ័យក្នុងការបាញ់សាកល្បង មីស៊ីលផ្លោងឆ្លងទ្វីប ICBM ឈ្មោះ Topol-M ចេញពីមូលដ្ឋានធ្វើតេស្តមីស៊ីល និងបាញ់បង្ហោះផ្កាយរណប Plesetsk នៅតំបន់ Arkhangelsk ភាគខាងលិចប្រទេសរុស្ស៊ី។ នេះ​បើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ​ ទី០១ ខែតុលា ឆ្នាំ២០១៩។

ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា កំឡុងការធ្វើតេស្តនោះ មីស៊ីលផ្លោង Topol-M បាននាំយកក្បាលគ្រាប់សិប្បនិម្មិតមួយ​គ្រាប់ទៅដល់ចំគោលដៅនៅឧបទ្វីប Kamchatka ដែលនៅតំបន់ចុងបូព៌ាតាមការគ្រោងទុក ខណៈរយៈចម្ងាយរវាង Plesesk និង Kamchatka គឺឆ្ងាយជាង៥,៥០០គីឡូម៉ែត្រ។

គួរជម្រាបថា មីស៊ីផ្លោង ICBM Topol-M ដែលអាចផ្ទុកក្បាលគ្រាប់បានតែមួយប៉ុណ្ណោះនោះ មានរយៈចម្ងាយវាយប្រហាររហូត​ដល់១១,០០០គីឡូម៉ែត្រ ខណៈក្បាលគ្រាប់នុយក្លេអ៊ែរនោះអាចមានថាមពលដល់៥៥០គីឡូតោន។ មីស៊ីលនេះ អាចបាញ់ចេញ​​ពីមូលដ្ឋានលក្ខណៈ Silo ឬក៏ជើងទម្រចល័តក៏បាន។

ដោយឡែក បច្ចុប្បន្នរុស្ស៊ីកំពុងព្យាយាមផ្លាស់ពីការប្រើប្រាស់មីស៊ីលផ្លោង Topol-M ទៅប្រើមីស៊ីលឆ្លងទ្វីបថ្មី Yars វិញ ខណៈ Topol-M ត្រូវបានអភិវឌ្ឍឡើងកាលពីចុងទសវត្សរ៍ឆ្នាំ១៩៨០ និងដើមទសវត្សរ៍ឆ្នាំ១៩៩០។ មីស៊ីល Yars ត្រូវបានធ្វើតេស្តជា​លើកដំបូងកាលពីខែឧសភា ឆ្នាំ២០០៧។ មីស៊ីលនេះអាចហោះបានចម្ងាយចន្លោះ១១,០០០-១២,០០០គីឡូម៉ែត្រ ហើយផ្ទុក​ក្បាលគ្រាប់បានចំនួន៦-១០គ្រាប់ ដែលអាចវាយប្រហារលើគោលដៅដាច់ដោយឡែកពីគ្នា និងមានកម្លាំងចន្លោះ១០០-៣០០​គីឡូតោន៕