(ប៉េកាំង)៖ នាថ្ងៃអង្គារនេះ ចិនបានបង្ហាញខ្លួនជាលើកដំបូងនូវយន្តហោះទម្លាក់គ្រាប់បែកចម្ងាយឆ្ងាយស៊េរីថ្មី នៅក្នុងចំណោមសព្វាវុធ ជាច្រើនផ្សេងទៀត។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០១ ខែតុលា ឆ្នាំ២០១៩។

កំឡុងការធ្វើពិធីព្យុហយាត្រាយោធាដ៏ធំសម្បើមមួយ ក្នុងឱកាសអបអរខួបលើកទី៧០គត់ នៃថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិត ចិន យន្តហោះទម្លាក់គ្រាប់បែកប្រកបដោយយុទ្ធសាស្រ្ត H-6N ដែលមានសមត្ថភាពចាក់សាំងនៅលើផ្ទៃអាកាស ហើយអាចធ្វើ ការវាយប្រហារនៅទីតាំងគោលដៅដែលឆ្ងាយៗនោះ បានបង្ហាញវត្តមានជាសាធារណៈជាលើកមួយ។

គួរជម្រាបថា ក្រៅពីយន្តហោះទម្លាក់គ្រាប់បែក H-6N យន្តហោះទម្លាក់គ្រាប់បែក H-6K ដែលជាយន្តហោះទម្លាក់គ្រាប់បែក រយៈមធ្យមនិងចម្ងាយ ក៏បានបង្ហាញខ្លួនក្នុងពិធីព្យុហយាត្រាខាងលើផងដែរ ដោយក្រុមយន្តហោះទម្លាក់គ្រាប់បែកទាំងពីរស៊េរី ក្នុងនោះមាន H-6N ចំនួន០៣គ្រឿង និង H-6K ចំនួន០៦គ្រឿង បានធ្វើការហោះហើរកាត់ពីលើទីលាន Tian'anmen Square៕