(ប៉េកាំង)៖ ថ្ងៃទី០១ ខែតុលា ឆ្នាំ ២០១៩ លោក ស៊ី ជិនពីង ប្រធានរដ្ឋចិនបានគូសបញ្ជាក់ថា ក្នុងដំណើរឆ្ពោះទៅមុខ ប្រទេសចិនត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ស្តីពី «បង្រួបបង្រួមជាតិដោយសន្តិភាពដោយអនុវត្តតាមគោលនយោបាយប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ» ដើម្បីរក្សាវិបុលភាព និងស្ថិរភាពយូរអង្វែងនៅតំបន់រដ្ឋបាលពិសេសហុងកុង និងម៉ាកាវ ក៏ដូចជាជំរុញការអភិវឌ្ឍដោយសន្តិភាព នៃទំនាក់ទំនងរវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់។
លោកប្រធានាធិបតីចិនក៏បានអំពាវនាវឱ្យប្រជាជនចិនទាំងអស់ រួមសាមគ្គីគ្នាជាធ្លុងមួយបន្តធ្វើការខិតខំតស៊ូ ដើម្បីសម្រេចការបង្រួបបង្រួមជាតិទាំងស្រុង។
ការលើកឡើងខាងលើរបស់លោក ស៊ី ជិនពីង ធ្វើឡើងក្នុងសុន្ទរកថា នៅឯពិធីប្រកាសចាប់ផ្ដើមរំលឹកខួបឆ្នាំទី ៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នៅឯទីលាន ធានអានមិន (Tiananmen) ក្នុងទីក្រុងប៉េកាំងនៅថ្ងៃអង្គារនេះ។
គួរបញ្ជាក់ថា ស្ថិតក្នុងឱកាសខាងលើនេះ លោកប្រធានាធិបតីចិនបានគូសបញ្ជាក់ថា «គ្មានកម្លាំងណាមួយអាចធ្វើឱ្យប្រជាជាតិដ៏អស្ចារ្យមួយនេះ រង្គោះរង្គើនោះឡើយ ហើយក៏គ្មានកម្លាំងណាមួយអាចរារាំងប្រជាជនចិន និងប្រទេសចិនក្នុងការអភិវឌ្ឍបានដែរ»៕