(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីន បានថ្លែងថា គ្មានកម្លាំងណាមួយអាចធ្វើឱ្យប្រទេសចិនរង្គោះរង្គើ និងរារាំងការអភិវឌ្ឍរបស់ចិនបានឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី០១ ខែតុលា ឆ្នាំ២០១៩។

ការលើកឡើងខាងលើរបស់លោក ស៊ី ជិនពីង ធ្វើឡើងក្នុងសុន្ទរកថា នៅឯពិធីប្រកាសចាប់ផ្ដើមរំលឹកខួបឆ្នាំទី ៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នៅឯទីលាន ធានអានមិន (Tiananmen) ក្នុងទីក្រុងប៉េកាំងនៅថ្ងៃអង្គារនេះ។ ស្ថិតក្នុងឱកាសនោះ លោកប្រធានាធិបតីចិនបានគូសបញ្ជាក់ដូច្នេះថា «គ្មានកម្លាំងណាមួយ អាចធ្វើឱ្យប្រជាជាតិដ៏អស្ចារ្យមួយនេះ រង្គោះរង្គើនោះឡើយ ហើយក៏គ្មានកម្លាំងណាមួយអាចរារាំងប្រជាជនចិន និងប្រទេសចិនក្នុងការអភិវឌ្ឍបានដែរ»។

ប៉ុន្តែព្រមពេលជាមួយគ្នា លោក ស៊ី ក៏បានសង្កត់ធ្ងន់ដែរពីការថែរក្សាភាពរុងរឿង ក៏ដូចជាស្ថេរភាពនៅក្នុងទីក្រងហុងកុង និងទីក្រុងម៉ាកាវ ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍទំនាក់ទំនង ប្រកបដោយសន្តិភាពជាមួយកោះតៃវ៉ាន់ ដែលចិនចាត់ទុកថា ជាខេត្តមួយរបស់ខ្លួនស្របតាមច្បាប់។

គួរបញ្ជាក់ថា នៅថ្ងៃអង្គារនេះគឺជាខួប ៧០ឆ្នាំ នៃការប្រកាសបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដោយអតីតមេដឹកនាំកំពូលចិនលោក ម៉ៅ សេទុង នៅថ្ងៃទី០១ ខែតុលា ឆ្នាំ១៩៤៩ បន្ទាប់ពីកងទ័ពបក្សកុម្មុយនិស្ដចិន បានវាយបំបាក់កងទ័ពរបស់លោក ចាង ខាយចៀក (Chiang Kai-shek) ឱ្យរត់ភៀសខ្លួនទៅនៅកោះតៃវ៉ាន់៕