(ប៉េកាំង)៖ រដ្ឋាភិបាលចិនកំពុងព្យាយាមបើកចំហទីផ្សារខ្លួន ឲ្យកាន់តែទូលំទូលាយជាងមុន ស្របពេលដែលសហរដ្ឋអាមេរិក ហាក់ចង់រឹតត្បិតការវិនិយោគនៅក្នុងប្រទេសចិន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី០១ ខែតុលា ឆ្នាំ២០១៩។
សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលចិនថ្មីៗនេះបានលើកឡើងថា វាគឺជារឿងដ៏ចាំបាច់ក្នុងការពង្រីកច្រកទ្វារចូលមកកាន់ទីផ្សារចិន ហើយជំរុញលំហូរនៃការវិនិយោគពីបរទេស ចូលមកក្នុងប្រទេសចិនឲ្យកាន់តែច្រើនថែមទៀត ដើម្បីគាំទ្រ និងពង្រឹងទីផ្សារក្នុងស្រុករបស់ចិន។
ការចេញសេចក្តីថ្លែងការណ៍ខាងលើធ្វើឡើង ក្រោយមានសេចក្តីរាយការណ៍កាលពីថ្ងៃសុក្រសប្តាហ៍មុនថា រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ កំពុងពិចារណាដាក់កំហិតលើលំហូរនៃការវិនិយោគរបស់សហគ្រិនអាមេរិក ទៅក្នុងប្រទេសចិន រួមមានទាំងការដកក្រុមហ៊ុនចិនចេញពីទីផ្សារហ៊ុនអាមេរិកជាដើម។ យ៉ាងណាមិញ ក្រុមមន្រ្តីអាមេរិកបានចេញមុខច្រានចោលថា វាគឺជារឿងមិនពិត។
គួរជម្រាបថា សហរដ្ឋអាមេរិក និងប្រទេសចិននឹងត្រូវបើកកិច្ចប្រជុំកម្រិតខ្ពស់ជុំថ្មីទៀត នៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយនេះ ដើម្បីស្វែងរកច្រកចេញពីសង្រ្គាមពាណិជ្ជកម្ម ខណៈមន្ត្រីជាន់ខ្ពស់ចិននាពេលកន្លងមកនេះបានអះអាងថា វានឹងក្លាយជាជំនួបដ៏វិជ្ជមាន ព្រោះប្រទេសទាំងពីរក៏បានចាត់វិធានការ ដើម្បីបន្ធូរបន្ថយសម្ពាធខ្លះៗដែរមានដូចជា សហរដ្ឋអាមេរិកព្រមផ្អាកគំរោងដំឡើងពន្ធថ្មីលើចិន ហើយចិនក៏ព្រមលើកលែងការដំឡើងពន្ធ លើទំនិញអាមេរិកមួយចំនួនវិញដែរនោះ៕