(ប៉េកាំង)៖ ពិធីប្រារព្ធខួបលើកទី៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន បានចាប់ផ្ដើមធ្វើឡើង ហើយនៅថ្ងៃអង្គារនេះ ជាមួយការរំពឹងថាទីក្រុងប៉េកាំង នឹងធ្វើព្យុហយាត្រាសម្ញែងឫទ្ធិយោធាដ៏ធំបំផុត មួយមិនធ្លាប់មានពីមុនមករបស់ខ្លួន និងបង្ហាញអាវុធថ្មីៗដែលផលិតនៅក្នុងស្រុក។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី០១ ខែតុលា ឆ្នាំ២០១៩។
ព្យុហយាត្រាយោធា នឹងត្រូវធ្វើឡើងនៅឯទីលាន Tiananmen ក្រោមវត្តមានប្រធានាធិបតីចិន លោក ស៊ី ជិនពីង, ក្រុមមន្ត្រីចិន, សាធារណជនដែលត្រូវបានជ្រើសរើសជាង១០០,០០០នាក់ និងមន្ត្រីយោធា បរទេសមកពី៩៧ប្រទេស។ ប៉ុន្តែ ព្រមពេលជាមួយគ្នា ក្រសួងការពារជាតិចិនក៏បានបញ្ជាក់ដែរ ថាការធ្វើព្យុហយាត្រានេះមិនមែនជាការកំញើញសាច់ដុំ ឬគំរាមកំហែងឡើយ ដោយគ្រាន់តែផ្តោត សំខាន់លើការស្រឡាញ់សន្តិភាព និងការទទួលខុសត្រូវរបស់ចិនតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា បើតាមក្រសួងការពារជាតិចិន បរិក្ខាយោធាចំនួន៥៨០ គ្រឿងនឹងបង្ហាញខ្លួននៅលើដងផ្លូវ ហើយយន្ដហោះចម្បាំង១៦០គ្រឿង នឹងសម្ដែងការហោះហើរនៅលើអាកាស៕