(ញូយ៉ាក)៖ ព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត ម៉ូហាំម៉េដ ប៊ីន សាល់ម៉ាន់ (Mohammed bin Salman) បានបដិសេធជាដាច់ខាតថា ព្រះអង្គមិនបានបញ្ជាឱ្យគេសម្លាប់អ្នកកាសែត Washington Post លោក ហ្សាម៉ាល់ ខាសហូកជី (Jamal Khashoggi) កាលពីខែតុលា ឆ្នាំ២០១៨ នៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ប្រចាំនៅប្រទេសតួកគីនោះឡើយ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០១៩។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក CBS កាលពីថ្ងៃអាទិត្យ ព្រះអង្គម្ចាស់ bin Salman បានមានបន្ទូលបន្ថែមទៀតយ៉ាងដូច្នេះថា៖« នេះគឺជាបទឧក្រិដ្ឋកួរឱ្យស្អប់ខ្ពើម... ប៉ុន្តែខ្ញុំសូមទទួលខុសត្រូវទាំងស្រុង ក្នុងនាមជាមេដឹកនាំម្នាក់នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ជាពិសេសចាប់តាំងពីបទឧក្រិដ្ឋបែបនេះ ត្រូវបានប្រព្រឹត្តដោយក្រុមបុគ្គល ដែលធ្វើការងារឱ្យរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត»។
ដោយឡែកនៅពេលត្រូវបានសាកសួរថា តើហេតុអ្វីបានជាព្រះអង្គមិនបានដឹង ពីប្រតិបត្តិការសម្លាប់លោក Khashoggi ព្រះអង្គម្ចាស់រាជទាយាទបានមានបន្ទូលថា វាមិនអាចទៅរួចទេដែលមនុស្ស ០៣លាននាក់ធ្វើការឱ្យរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត បញ្ជូនរបាយការណ៍ប្រចាំថ្ងៃរបស់ពួកគេឱ្យមេដឹកនាំ ឬមនុស្សជាន់ខ្ពស់លំដាប់ទី ២ នៅក្នុងជួររដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត។ បន្ថែមពីលើនេះព្រះអង្គម្ចាស់ក៏បានបញ្ជាជំហរដែរថា បើសិនជាព័ត៌មានគ្រប់គ្រាន់ក្នុងការចោទប្រកាន់ ព្រះអង្គសង្ឃឹមថា វានឹងត្រូវចេញផ្សាយជាសាធារណៈ ប៉ុន្តែអ្វីដែលទ្រង់ត្រូវធ្វើគឺទប់ស្កាត់កុំឱ្យបទឧក្រិដ្ឋ នេះកើតឡើងជាថ្មីនៅពេលអនាគត។
គួរជម្រាបថា លោក Jamal Khashoggi ត្រូវបានគេសម្លាប់នៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ប្រចាំទីក្រុងអ៊ីស្ដង់ប៊ូល ប្រទេសតួកគី កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ ខណៈរូបលោកកំពុងរង់ ចាំទទួលឯកសារសម្រាប់អាពាហ៍ពិពាហ៍។ ក្រោយឃាតកម្មនេះ អាជ្ញាធរអារ៉ាប៊ីសាអូឌីតបានចោទប្រកាន់មនុស្ស ១១នាក់ ហើយសវការជុំវិញសំណុំរឿងដ៏រសើបនេះ នៅតែបន្តធ្វើឡើងនៅឡើយ៕