(បាងកក)៖ ផ្សែងអ័ព្ទយ៉ាងក្រាស់ឃ្មឹក បានគ្របដណ្ដប់ស្ទើរតែទូទាំងទីក្រុងបាងកក នៅថ្ងៃចន្ទនេះ ដោយធ្វើឱ្យរាជធានីនៃប្រទេសថៃមួយនេះ ស្ថិតនៅក្នុងចំណោមទីក្រុងដែលមានការបំពុលខ្យល់ អាកាសខ្លាំងជាងគេ នៅលើពិភពលោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០១៩។

យោងតាមទិន្នន័យពីគេហទំព័រ IQAir AirVisual គិតត្រឹមម៉ោង៩ព្រឹក ថ្ងៃចន្ទនេះ ការបំពុលខ្យល់ អាកាសនៅក្នុងទីក្រុងបាងកក បានជាប់ចំណាត់ថ្នាក់លេខ៣ នៅលើពិភពលោក ខណៈតំបន់ចំនួន ៣៣ នៅក្នុងទីក្រុងមួយនេះ មានកម្រិតភាគល្អិតនៅក្នុងខ្យល់ ឬ PM2.5 លើសពី៥០។ ចំណែកឯ កម្រិត PM 2.5 ដ៏អាក្រក់បំផុត ត្រូវបានគេរាយការណ៍ នៅក្នុងសង្កាត់ Bang Kholaem នៃទីក្រុង បាងកក ជាមួយកម្រិតភាគល្អិតនៅក្នុងខ្យល់ ៧៨មីក្រូក្រាមក្នុងមួយម៉ែត្រគូប នារយៈពេល២៤ ម៉ោងកន្លងទៅនេះ។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានផ្ដល់យោបល់ឱ្យប្រជាជនពាក់ម៉ាស់ ការពារ​នៅពេលចេញខាងក្រៅផ្ទះ ហើយទន្ទឹមគ្នា ក្រុមអ្នកលេងបណ្ដាញទំនាក់ទំនងសង្គមក៏បាន អំពាវនាវឱ្យរោងចក្រឧស្សាហកម្ម និងការដ្ឋានសំណង់ទាំងអស់ កាត់បន្ថយការបញ្ចេញផ្សែងទៅ ក្នុងបរិយាកាសផងដែរ។ ការបំពុលខ្យល់អាកាសនៅក្នុងប្រទេសថៃ ភាគច្រើនគឺបង្កឡើងដោយ ផ្សែងចេញពីរោងចក្រ ឬការដ្ឋានសំណង់, ការដុតព្រៃដាំដំណំា និងចំហេះឥន្ធនៈយានយន្ដ ជាដើម៕