(ញូដេលី)៖ អាជ្ញាធរឥណ្ឌាបានឱ្យដឹងថា មនុស្សច្រើនជាង ១២០នាក់បានបាត់បង់ជីវិត នៅក្នុងគ្រោះទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង នៅក្នុងរដ្ឋយូតតាប្រាដែស (Uttar Pradesh) និងរដ្ឋប៊ីហា (Bihar) ភាគខាងកើតប្រទេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃចន្ទ ទី៣១ ខែកញ្ញា ឆ្នាំ២០១៩។
យោងតាមអាជ្ញាធរឥណ្ឌាមនុស្ស ៩៣នាក់បានស្លាប់នៅក្នុងរដ្ឋ Uttar Pradesh និង ២៩នាក់នៅរដ្ឋ Bihar គិតចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនមក។ ចំណែកឯផ្លូវដែក ផ្លូវថ្នល់ សាលារៀន និងការផ្គត់ផ្គងអគ្គិសនីក៏កំពុងរងការរំខានផងដែរ ដោយសារគ្រោះទឹកជំនន់ដ៏អាក្រក់នេះ។
គួរបញ្ជាក់ថា មកទល់នឹងពេលនេះក្រុមអ្នកជួយសង្រ្គោះឥណ្ឌា នៅតែបន្តធ្វើការងារជួយសង្រ្គោះរបស់ពួកគេនៅឡើយ ខណៈអាជ្ញាធរនៅក្នុងរដ្ឋទាំងពីរ បានស្នើឱ្យសុំជំនួយឧទ្ធម្ភាចក្រពីកងទ័ពអាកាសឥណ្ឌា ព្រមទាំងម៉ាស៊ីនបូមទឹកជាដើម៕