(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ីទើបតែបានបញ្ចេញឃ្លីបវីដេអូមួយ បង្ហាញពីការធ្វើសកម្មភាពហោះហើរសាកល្បងរួមគ្នារវាង យន្តហោះដ្រូនធុនធំស៊េរីថ្មីហៅថា Hunter និងយន្តហោះចម្បាំងជំនាន់ចុងក្រោយបំផុតរបស់រុស្ស៊ីគឺ Su-57 ខណៈយន្តហោះទាំងពីរសុទ្ធតែមានសមត្ថភាពបំបាំងកាយពីប្រព័ន្ធរ៉ាដាដូចគ្នា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន RT នៅរសៀលថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០១៩។
យោងតាមការបញ្ជាក់របស់ក្រសួងការពារជាតិរុស្ស៊ី បេសកកម្មហោះហើរសាកល្បងខាងលើ បានប្រព្រឹត្តទៅរយៈពេល៣០នាទី។ ប៉ុន្តែវាមិនមែនត្រឹមតែជាការបង្អួតបង្ហាញទទេរៗនោះឡើយ ព្រោះតាមរយៈការផ្គូផ្គងជាមួយយន្តហោះដ្រូន Hunter យន្តហោះចម្បាំង Su-57 អាចពង្រីកដែនគ្របដណ្តប់នៃរ៉ាដារបស់វា ហើយវាយប្រហារលើគោលដៅ ដោយពុំចាំបាច់ចូលទៅក្នុងតំបន់ប្រព័ន្ធការពារដែនអាកាសរបស់សត្រូវឡើយ។
គួរជម្រាបថា យន្តហោះដ្រូន Hunter បានធ្វើតេស្តហោះហើរឡើងលើផ្ទៃអាកាសជាលើកដំបូង កាលពីខែសីហាកន្លងទៅនេះ ខណៈព័ត៌មានលម្អិតអំពីវាគឺមានតិចតួចបំផុត។ សេចក្តីរាយការណ៍ព័ត៌មាននាពេលកន្លងមក បានអះអាងថា យន្តហោះដ្រូន Hunter អាចហោះក្នុងល្បឿន Supersonic បាន (លឿនជាងល្បឿនសំឡេង) ហើយក្រៅពីការធ្វើបេសកកម្មស៊ើបការណ៍ វាក៏អាចផ្ទុកសព្វាវុធនៅក្នុងតួខ្លួនវាបានដែរ។
រីឯយន្តហោះចម្បាំង Su-57 ដែលជាយន្តហោះចម្បាំងជំនាន់ទី៥ដំបូងគេរបស់ប្រទេសរុស្ស៊ី បានធ្វើការហោះហើរជាលើកទីមួយកាលពីឆ្នាំ២០១០ ហើយវាធ្លាប់ត្រូវបានធ្វើតេស្តសមត្ថភាពប្រយុទ្ធរួចស្រេចមកហើយ នៅក្នុងប្រទេសស៊ីរី។ យន្តហោះចម្បាំង Su-57 ត្រូវគេរំពឹងថា នឹងចូលធ្វើប្រតិបត្តិការពេញលក្ខណៈនៅក្នុងជួរកងទ័ពអាកាសរុស្ស៊ី នៅមុនដំណាច់ឆ្នាំនេះ៕