(ឡុងដ៍)៖ ចក្រភពអង់គ្លេស នឹងចាកចេញពីសហភាពអឺរ៉ុប នៅថ្ងៃទី៣១ ខែតុលាខាងមុខនេះ ជាមួយក្ដីរំពឹងថា ជាការចាកចេញដោយមានកិច្ចព្រមព្រៀង។ នេះបើតាមរដ្ឋមន្ត្រីហិរញ្ញវត្ថុអង់គ្លេស ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០១៩។

រដ្ឋមន្ត្រីហិរញ្ញវត្ថុអង់គ្លេស លោក Sajid Javid ធ្វើការកត់សម្គាល់ខាងលើនៅក្នុងកិច្ចសម្ភាសន៍ជាមួយ ទូរទស្សន៍​ ITV នៅថ្ងៃចន្ទនេះ។ ថ្លែងនាឱកាសនោះ លោក Javid បានគូសបញ្ជាក់ដូច្នេះថា៖ « ខ្ញុំសង្ឃឹមថា យើងនឹងចាកចេញពីសហភាពអឺរ៉ុប (Brexit) ដោយមានកិច្ចព្រមព្រៀង...ហើយបើទោះជាយើងមិនអាច សម្រេចបានកិច្ចព្រមព្រៀងក៏ដោយ ក៏ខ្ញុំគិតថាយើងត្រូវតែចាកចេញដដែលនៅថ្ងៃទី៣១ ខែតុលា»។

តែទោះជាយ៉ាងនេះក្ដី លោក Javid មិនបានបញ្ជាក់លម្អិតថាតើរដ្ឋាភិបាលទីក្រុងឡុងដ៍ នឹងប្រកាសចាកចេញ ពីសហភាពអឺរ៉ុបដោយរបៀបណានោះទេ ដោយគ្រាន់តែឱ្យដឹងថាចក្រភពអង់គ្លេសនឹងចាកចេញពី សហភាពអឺរ៉ុបតាមការគ្រោងទុកតែប៉ុណ្ណោះ៕