(បរទេស)៖ ថ្មីៗនេះមានការចែកចាយរូបភាពលើបណ្តាញសង្គម ដែលបានបង្ហាញឲ្យឃើញ នាវាដឹកយន្តហោះចម្បាំងអាមេរិកមួយគ្រឿង ស្ថិតក្រោមការឡោមព័ទ្ធរបស់នាវាចម្បាំងមួយក្រុម នៅតំបន់សមុទ្រចិនខាងត្បូង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០១៩។
យោងតាមរូបភាពដែលថតបានពីផ្កាយរណប នាវាដឹកយន្តហោះចម្បាំងអាមេរិកឈ្មោះ USS Ronald Reagan ត្រូវបានឡោមព័ទ្ធដោយនាវាចម្បាំងយ៉ាងហោចណាស់ចំនួន ០៧គ្រឿងទៀត ដែលទំនងជារបស់យោធាចិនកាលពីសប្តាហ៍មុន នៅទីប្រជុំកោះមានបញ្ហាវិវាទ ស្ព្រាតលី (Spratly) ក្នុងតំបន់សមុទ្រចិនខាងត្បូង។ ក្នុងនោះគេឃើញនាវាដឹកយន្តហោះចម្បាំង រ៉ូណាល់ដ៍ រីហ្គែន (Ronald Reagan) នៅតែឯងប៉ុណ្ណោះ ខណៈជាទូទៅនាវាដឹកចម្បាំង តែងតែអមដំណើរដោយក្រុមនាវាចម្បាំងរបស់ខ្លួន។
ពាក់ព័ន្ធនឹងការអះអាងខាងលើ អ្នកនាំពាក្យយោធាអាមេរិកមិនបានបកស្រាយឲ្យច្បាស់ថា ហេតុការណ៍នោះបានកើតឡើងពិតប្រាកដមែន ឬយ៉ាងណាឡើយ ដោយគ្រាន់តែថា នាវាដឹកយន្តហោះចម្បាំង Ronald Reagan កំពុងធ្វើប្រតិបត្តិការជាប្រចាំរបស់ខ្លួន។ រីឯអ្នកនាំពាក្យក្រសួងការពារជាតិចិនវិញ ក៏ពុំបានទទួលស្គាល់ ឬក៏បដិសេធចំពោះការអះអាងដូចខាងលើដែរ។
គួរជម្រាបថា ការចល័តនាវាដឹកយន្តហោះចម្បាំងអាមេរិកលើកនេះ ទៅកាន់តំបន់សមុទ្រចិនខាងត្បូងដែលជាទីមានជម្លោះ បានកើតមានឡើង ចំពេលដែលទីក្រុងប៉េកាំងកំពុងត្រៀមអបអរខួបទី ៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ក៏ប៉ុន្តែការធ្វើបែបនេះមិនមែនជារឿងកម្រឡើយ។ ជារឿយៗសហរដ្ឋអាមេរិកបានបញ្ជូននាវាចម្បាំងរបស់ខ្លួន ឲ្យធ្វើដំណើរឆ្លងកាត់សមុទ្រចិនខាងត្បូង ដើម្បីបង្ហាញការប្រឆាំងនឹងចិន ហើយចិនវិញតែងរិះគន់ជានិច្ចថាវាជាទង្វើបង្កហេតុ៕