(វ៉ាស៊ីនតោន)៖ ព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត ម៉ូហាម៉េដ ប៊ីនសាល់ម៉ាន់ (Mohammed bin Salman) បានព្រមានថា តម្លៃប្រេងនៅលើទីផ្សារពិភពលោកនឹងថ្លៃកប់ពពក បើសិនជាសហគមន៍អន្តរជាតិមិនព្រមរួមគ្នា ចាត់វិធានការបង្រ្កាបសកម្មភាពបង្ករឿងរបស់អ៊ីរ៉ង់ទេនោះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០១៩។
ព្រះអង្គម្ចាស់ Mohammed bin Salman បានមានព្រះបន្ទូលបែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក CBS កាលពីថ្ងៃអាទិត្យ (ម៉ោងនៅទីក្រុងញូយ៉ក)។ ព្រះអង្គម្ចាស់រាជទាយាទបានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «បើសិនជាពិភពលោក មិនព្រមចាត់វិធានការយ៉ាងតឹងរ៉ឹងដើម្បីបង្រ្កាប ឬក៏ទប់ស្កាត់សកម្មភាពបង្ករឿងរបស់អ៊ីរ៉ង់ទេ នោះយើងនឹងបានឃើញជម្លោះមួយផ្ទុះឡើងនៅពេល អនាគត ដែលនឹងគំរាមកំហែងដល់ផលប្រយោជន៍ពិភពលោកទាំងមូល ហើយវាក៏អាចនឹងធ្វើឱ្យ សេដ្ឋកិច្ចសកលលោកដួលរលំផងដែរ»។
គួរបញ្ជាក់ថា ព្រះអង្គម្ចាស់ Mohammed bin Salman បានយល់ស្របដូចគ្នាទៅនឹង រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ ដែលអះអាងថា ការវាយប្រហារលើរោងចក្រប្រេងអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី១៤ ខែកញ្ញា គឺជាទង្វើចង់បង្កសង្រ្គាមរបស់អ៊ីរ៉ង់។ ប៉ុន្តែព្រះអង្គនៅតែមានដោះស្រាយបញ្ហាទាំងឡាយ តាមដំណោះស្រាយដោយសន្តិវិធី ជាជាងការប្រើប្រាស់កម្លាំងយោធា៕