Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ៊ីរ៉ង់ត្រៀមឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះសកម្មភាពគគ្លើននានាពីបរទេស! (Video inside)

30-09-2019 09:39

(តេហេរ៉ង់)៖ រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់លោក អាមែរ ហាតាមី (Amir Hatami) បានថ្លែងថា ប្រទេសមជ្ឈិមបូព៌ាមួយនេះ នឹងធ្វើការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពគគ្លើន ដែលមានចេតនាប្រឆាំងអ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០១៩។

លោក ហាតាមី ត្រូវបានដកស្រង់សម្តីយ៉ាងដូច្នេះថា «យើងនឹងឆ្លើយតបវិញយ៉ាងខ្លាំងក្លា ចំពោះសកម្មភាពគគ្លើនណាមួយ មកលើប្រទេសរបស់យើង»។ អ៊ីរ៉ង់ក៏បានអះអាងផងដែរថា ខ្លួនមានសមត្ថភាពគ្រប់គ្រាន់ នៅក្នុងការទប់ទល់ស្ថានការណ៍គ្រប់កាលៈទេសៈ ដោយមានការប្រយុទ្ធប្រឆាំងក្រុមភេរវករ និងការបាញ់ទម្លាក់យន្តហោះដ្រូនអាមេរិក ដែលបានហោះបំពានដែនអាកាសអ៊ីរ៉ង់នោះ គឺជាឧទាហរណ៍យ៉ាងច្បាស់លាស់។

គួរបញ្ជាក់ថា អ៊ីរ៉ង់បានបាញ់ទម្លាក់យន្តហោះដ្រូន តម្លៃរាប់រយលានដុល្លាររបស់អាមេរិកមួយគ្រឿង នៅលើអាកាសនៃខេត្តហ័រមូសហ្គេន (Hormozgan) កាលពីខែមិថុនា ដោយចោទយន្តហោះដ្រូននេះថា បានហោះរំលោភដែនអាកាសអ៊ីរ៉ង់ ហើយវាក៏ធ្វើឲ្យប្រទេសមជ្ឈិមបូព៌ាមួយនេះ ជួបប្រទះភាពតានតឹងរឹតតែខ្លាំងឡើងជាមួយ សហរដ្ឋអាមេរិក ជាពិសេសគឺទណ្ឌកម្មសេដ្ឋកិច្ចតែម្តង៕