Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឥណ្ឌា៖ ក្មេងពីរនាក់បត់ជើងធំក្រៅបង្គន់ ត្រូវអ្នកភូមិវាយដំរហូតដល់ស្លាប់

26-09-2019 18:12

(ញូដេលី)៖ កុមារពីរនាក់ត្រូវបានគេវាយដុំរហូតដល់ស្លាប់ នៅក្នុងប្រទេសឥណ្ឌា ដោយសារតែការបន្ទោរបង់ក្រៅបង្គន់។ នេះបើតាមប្រភពពីមន្ត្រីប៉ូលិសឥណ្ឌា ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០១៩។

ប៉ូលិសឥណ្ឌាបានឱ្យដឹងទៀតថា កុមារទាំងពីរនាក់ខាងលើរស់នៅក្នុងសហគមន៍ដាលីត (Dalit) ដែលជាសង្កាត់ក្រីក្រមួយក្នុងប្រទេសឥណ្ឌា បានធ្វើដំណើរទៅកាន់ផ្ទះជីតារបស់ខ្លួន នៅក្នុងស្រុកស៊ីវភួរិ (Shivpuri) ស្ថិតនៅភាគខាងកណ្ដាលនៃរដ្ឋ ម៉េដយ៉ា ប្រាដែស (Madhya Pradesh) កាលពីថ្ងៃពុធ។ ប៉ុន្តែនៅតាមផ្លូវពួកគេបានឈឺបត់ជើងធំ រួចក៏បង្ខំចិត្តដោះទុក្ខសត្វនៅតាមផ្លូវតែម្ដង ប៉ុន្តែនៅពេលអ្នកភូមិបានឃើញបែបនេះ ពួកគេក៏បានព្រួតវាយដំក្មេងទាំងពីររហូតដល់ស្លាប់។ កុមារទាំងពីរនាក់ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្រ្គោះ តែដោយសាររបួសធ្ងន់ធ្ងរក៏បានស្លាប់នៅមន្ទីរពេទ្យ រីឯបុរសពីរនាក់ត្រូវបានប៉ូលិសចាប់ខ្លួន។

គួរបញ្ជាក់ ក្រោយជាប់ឆ្នោតជាប្រធានាធិបតីសម្រាប់អាណត្តិទី ២ លោក ណារិនដ្រា ម៉ូឌី (Narendra Modi) បានដាក់គោលដៅសង់បង្គន់អានាម័យចំនួន ១០០លាន ជាពិសេសនៅតាមតំបន់ជនបទ ក្នុងគោលបំណងដោះស្រាយបញ្ហាសុខាភិបាលសាធារណៈ នៅក្នុងប្រទេសដែលមានប្រជាជនជាង ១.៣ពាន់លាននាក់មួយនេះ៕