(ហ្សាការតា)៖ បាតុកម្មតវ៉ាដ៏ហិង្សារបស់ក្រុមនិសិ្សត នៅក្នុងប្រទេសឥណ្ឌូណេស៊ីនាពេលថ្មីៗនេះ ត្រូវបានក្រុមមនុស្សក្ដាប់តូចឆ្លៀតឱកាសញុះញង់ និងប្រើប្រាស់ដើម្បីបង្កការរំខានដល់សភាជាតិ ជាពិសេសការស្បថឡើងកាន់តំណែងជា ប្រធានាធិបតីឥណ្ឌូណេស៊ីអាណត្តិទី ២ របស់លោក ចូកូវី (Joko Widodo) នៅខែតុលាខាងមុខនេះ។ នេះបើតាមរដ្ឋមន្ត្រីសន្តិសុខជាតិឥណ្ឌូណេស៊ី ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០១៩។
រដ្ឋមន្ត្រីប្រមុខសន្តិសុខឥណ្ឌូណេស៊ី លោក វីរ៉ានតូ (Wiranto) ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែទន្ទឹមគ្នាលោកមិនបានបញ្ជាក់ឲ្យចំឈ្មោះ ពីក្រុមមនុស្សដែលលោកផ្ទាល់ចោទថា កំពុងញុះញង់ក្រុមបាតុករនោះឡើយ។ បាតុកម្មតវ៉ាបានផ្ទុះឡើងតាំងតែពីថ្ងៃចន្ទមកម្ល៉េះ នៅក្នុងរដ្ឋធានីហ្សាការតា និងទីក្រុងមួយចំនួនទៀត ដើម្បីប្រឆាំងជំទាស់នឹងសេចក្ដីព្រាងច្បាប់ថ្មីជាច្រើន ក្នុងនោះរួមានទាំងច្បាប់ហាមការរួមភេទក្រៅអាពាហ៍ពិពាហ៍ និងការដាក់ទោសទណ្ឌ លើអ្នកប្រមាថកិត្តិយសប្រធានាធិបតិជាដើម។
ម្យ៉ាងវិញទៀត បាតុកម្មតវ៉ានេះទៀតសោត ក៏ត្រូវបានគេមើលឃើញដែរថា មានទំហំធំជាងបាតុកម្មរបស់ក្រុមនិស្សិត ប្រឆាំងអតីតបុរសខ្លាំងឥណ្ឌូណេស៊ីលោក ស៊ូហាតូ (Suharto) កាលពីឆ្នាំ១៩៩៨ នោះទៅទៀត។ ដោយឡែកនៅក្នុងអំពើហិង្សាដែលផ្ទុះឡើងកំឡុងការធ្វើបាតុកម្ម កាលពីថ្ងៃចន្ទដដែល ប៉ូលិសឥណ្ឌូណេស៊ីបានចាប់ខ្លួនមនុស្សយ៉ាងហិចណាស់ ២០០នាក់ តែភាគច្រើនអ្នកទាំងនេះមិនមែនជានិស្សិតឡើយ។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរឥណ្ឌូណេស៊ី បាតុកម្មតវ៉ានៅលើនេះ គឺមានទម្រង់ប្រហាក់ប្រហែលគ្នានឹងបាតុកម្មដែលផ្ទុះឡើងនៅក្នុងរដ្ឋធានីហ្សការតា កាលពីខែឧសភាកន្លងទៅ ពោលឺបន្ទាប់ពីលោក Widodo ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតសកល។ បន្ថែមពីលើនេះមនុស្សចំនួន ០៨នាក់បានស្លាប់ និងច្រើនជាង ៩០០នាក់រងរបួស កំឡុងពេលនៃការប៉ះទង្គិចគ្នាដោយហិង្សា រវាងក្រុមបាតុករគាំទ្របេក្ខជនប្រធានាធិបតីចាញ់ឆ្នោត លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ (Prabowo Subianto) និងកងកម្លាំងប៉ូលិស៕