(ព្រុចសែល)៖ ទិវាវប្បធម៌ និងកីឡាចិន-អឺរ៉ុប (China-EU Sports Day) ត្រូវបានរៀបចំឡើងនៅទីលានស្គូមែន (Schuman) ក្នុងទីក្រុងព្រុចសែល នាថ្ងៃពុធសប្តាហ៍នេះ ក្រោមការចូលរួមពីមនុស្សម្នាយ៉ាងច្រើនកុះករ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន China Daily នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០១៩។

កំឡុងនៃការប្រារព្ធទិវានោះ ដែលរៀបចំដោយបេសកកម្មការទូតរបស់ចិន ប្រចាំនៅសហភាពអឺរ៉ុប អ្នកដែលបានចូលរួមទទួលបានឱកាសនូវភ្លក្សរសជាតិអាហារ និងតៃប្រពៃណីរបស់ចិន ហើយក៏មានការសម្តែងក្បាច់កុន Tai Chi និង Kung-Fu ព្រមទាំង ការលេងតន្រ្តីប្រពៃណីជាតិនៃប្រទេសចិន ក៏ដូចជាឧបករណ៍ពិន និងអុកជាដើមផងដែរ។

គួរជម្រាបថា ព្រឹត្តិការណ៍ទិវាខាងលើត្រូវបានរៀបចំឡើងនៅទីលាន Schuman ដែលនៅក្បែរទីស្នាក់ការគណៈកម្មការរបស់សហភាពអឺរ៉ុប ក្នុងទីក្រុងព្រុចសែលរបស់ប្រទេសប៊ែលហ្សិក ក្រោមផ្នែកនៃការត្រៀមអបអរខួបឆ្នាំទី ៧០ នៃថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន៕