(អ៊ុយក្រែន)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡិនស្កាយ (Volodymyr Zelensky) នៅថ្ងៃព្រហស្បតិ៍នេះបានអះអាងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងជួយទីក្រុងកៀវដណ្តើមយកតំបន់គ្រីមៀពីរុស្ស៊ីមកវិញ បើទោះជាមនុស្សភាគច្រើនយល់ថា រឿងបែបនេះមិនអាចទៅរួចក៏ដោយ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០១៩។
លោក Zelensky ធ្វើការកត់សម្គាល់ខាងលើ តាមរយៈការស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានអ៊ុយក្រែន យូនៀន (UNIAN)។ ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំជឿជាក់ និងបានលឺពីរឿងនេះដែលថា គាត់ (លោក ត្រាំ) បានឯកភាពថា គ្រីមៀគឺជាទឹកដីរបស់យើង ហើយយើងនឹងយកវាមកវិញ។ មិនតែប៉ុណ្ណោះគាត់ (លោក ត្រាំ) ថែមទាំងនិយាយដែរថា ពិតមែនហើយអ្នកត្រូវធ្វើការងារមួយនេះ ហើយយើងនឹងជួយអ្នក»។ តែភ្លាមៗបែបនេះ ខាងសេតវិមានអាមេរិកមិនទាន់អត្ថាធិប្បាយអ្វីឡើយ ពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍នេះ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ីដោយចោទថា ទីក្រុងម៉ូស្គូបានក្រសោបយកឧបទ្វីបគ្រីមៀពីអ៊ុយក្រែនកាលពីឆ្នាំ២០១៤។ ប៉ុន្តែរុស្ស៊ីអះអាងថា ប្រជាជនតំបន់គ្រីមៀខ្លួនឯងជាអ្នកសម្រេចចិត្តបោះឆ្នោតប្រជាមតិ ផ្ដាច់ខ្លួនចេញពីអ៊ុយក្រែន និងចូលរួមជាឧបសម្ព័ន្ធជាមួយរុស្ស៊ី ខណៈប្រជាជនក្នុងឧបទ្វីបមួយនេះ ត្រូវបានគេមើលឃើញថា ជាជនជាតិរុស្ស៊ីភាគច្រើន ដែលត្រូវបានរដ្ឋាភិបាលទីក្រុងម៉ូស្គូបញ្ជូនឱ្យមករស់នៅ ៕