(ប៉េកាំង)៖ ខ្សែភាពយន្តប្រវត្តិសាស្រ្តរបស់ចិន «Mao Zedong 1949» កំពុងបន្តរកចំណូលបានយ៉ាងច្រើន នៅក្នុងប្រទេសចិន ខណៈចិនកំពុងតែត្រៀមខ្លួនដើម្បីប្រារព្ធខួបនៃថ្ងៃបង្កើតសាធារណៈប្រជាមានិតចិន។ នេះបើតាមការដកស្រង់ការផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០១៩។
នៅថ្ងៃពុធម្សិលមិញ ខ្សែភាពយន្តខាងលើ ដែលនិយាយរៀបរាប់ពីប្រវត្តិសាស្រ្តចិនឆ្នាំ១៩៤៩ ពាក់ព័ន្ធគណបក្សកុម្មុយនិស្តចិន រហូតឈានទៅដល់ ការបង្កើតសាធារណរដ្ឋប្រជាមានិតចិននៅថ្ងៃទី០១ ខែតុលា ឆ្នាំ១៩៤៩ រកបានចំណូល៩.៦៧លានយ័ន ឬស្មើនឹង១.៣៦លានដុល្លារ ក្នុងថ្ងៃទី០៦នៃការចាក់បញ្ចាំង ពោលគឺវាបន្តឈរនៅកំពូលតារាងនៃខ្សែភាពយន្តដែលរកបានចំណូលច្រើនបំផុតប្រចាំថ្ងៃនៅក្នុងប្រទេសចិន។
គួរជម្រាបថា ប្រទេសចិនកំពុងរៀបចំលក្ខណៈ ដើម្បីប្រារព្ធខួបទី៧០ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអង្គារសប្តាហ៍ក្រោយនេះ៕