(ហ្សាការតា)៖ មនុស្សយ៉ាងហោចណាស់ម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិតធ្ងន់មួយគឺ៦.៥រ៉ិចទ័រ បានអង្រួនទីប្រជុំកោះ Maluku ដែលស្ថិតនៅភាគខាងកើតប្រទេសឥណ្ឌូណេស៊ី កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ និងបង្កឲ្យអគារនិងលំនៅឋានទទួលរងការខូចខាត ព្រមទាំងបណ្តាលឲ្យមានគ្រោះបំណាក់ដីថែមទៀតផង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០១៩។
អាជ្ញាធរឥណ្ឌូណេស៊ីបានឲ្យដឹងថា បុរសម្នាក់បានស្លាប់ដោយសារធ្លាក់ពីលើម៉ូតូ នៅពេលព្យាយាមប្រញាប់ប្រញាល់ទៅរកកន្លែងសុវត្ថិភាព។ ជាមួយគ្នានេះ ក៏មានមនុស្សម្នាក់ទៀតបាត់ខ្លួនផងដែរ ក្នុងគ្រោះរអិលបាក់ដី ដែលបង្កឡើងដោយរញ្ជួយដី។ នៅក្រុង Ambon ដែលមានមនុស្សរស់នៅប្រមាណ៤០០,០០០នាក់ ជាតំបន់ស្ថិតក្បែរចំណុចរំញ័រនៃគ្រោះរញ្ជួយដី គេឃើញសំណង់អគារ និងលំនៅឋានបានរងការបំផ្លិចបំផ្លាញគួរឲ្យកត់សម្គាល់ ព្រមទាំងមនុស្សមួយចំនួនទៀតរងរបួស តែមិនច្បាស់ថា ទំហំខូចខាតធំប៉ុណ្ណានោះឡើយ ខណៈតំបន់នៅជុំវិញទីក្រុងក៏រងការប៉ះពាល់ដូចគ្នាដែរ។
គួរជម្រាបថា យោងតាមទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដីអាមេរិក USGS ហេតុការណ៍រញ្ជួយផែនដីខាងលើ បានកើតឡើងនៅចម្ងាយ៣៧គីឡូម៉ែត្រភាគឦសានក្រុង Ambon ក្នុងខេត្ត Maluku ជាមួយជម្រៅ២៩គីឡូម៉ែត្រក្រោមផ្ទៃដី។ កាលពីខែសីហា គ្រោះរញ្ជួយដីកម្រិតធ្ងន់មួយ បានសម្លាប់ជីវិតមនុស្ស០៥នាក់ បន្ទាប់ពីវាបានអង្រួនកោះជ្វារបស់ឥណ្ឌូណេស៊ី ខណៈកាលពីឆ្នាំមុន រញ្ជួយដីកម្រិត៧.៥រ៉ិចទ័រដ៏ខ្លាំងក្លា បានបង្កជារលកយក្សស៊ូណាមិវាយប្រហារក្រុង Palu លើកោះ Sulawei ដែលបានធ្វើឲ្យមនុស្សជាង៤,៣០០នាក់ស្លាប់ និងបាត់ខ្លួន។ ឥណ្ឌូណេស៊ី តែងទទួលរងគ្រោះរញ្ជួយដីញឹកញាប់បែបនេះ ដោយសារប្រទេសនេះស្ថិតនៅលើតំបន់ខ្សែក្រវាត់ភ្នំភ្លើងនៃមហាសមុទ្រប៉ាស៊ីហ្វិក ដែលគេហៅថា Pacific Ring of Fire៕