(ញូយ៉ក)៖ បណ្ដាប្រទេស ឬរដ្ឋតូចៗត្រូវតែធ្វើការងាររួមគ្នាដើម្បីផលប្រយោជន៍រួម និងបង្កើនឥទ្ធិពលរបស់ខ្លួននៅលើពិភពលោក។ នេះបើតាមសុន្ទរកថានាយករដ្ឋមន្ត្រីសិង្ហបុរី ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០១៩។

នាយករដ្ឋមន្ត្រីសិង្ហបុរីលោក លី សៀនឡុង (Lee Hsien Loong) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «បណ្ដាប្រទេស ឬរដ្ឋតូចៗត្រូវតែចូលរួមចំណែក ក៏ដូចជាត្រួវតែធ្វើការរួមគ្នា នៅក្នុងកិច្ចការរបស់អង្គការសហប្រជាជាតិ ពីព្រោះវាគឺជាផលប្រយោជន៍របស់ពួកគេ ដែលមានប្រព័ន្ធពហុភាគីមួយដ៏រឹងមាំ ហើយក៏ដោយសារតែប្រទេសតូចៗ ជាធម្មតាមិនអាចធ្វើការសម្រេចចិត្ត ឬក៏មានឥទ្ធិពលលើកិច្ចការសំខាន់ៗរបស់ពិភពលោកឡើយ»។ លោក Lee បន្ថែមទៀតថា ខុសពីប្រទេស និងមហាអំណាចធំៗ ប្រទេស ឬរដ្ឋតូចៗមិនត្រូវបង្កើតរបៀបវារៈ ឬក៏ជ្រើសរើសដើរតាមនិន្ននាការណាមួយឡើយ។

គួរបញ្ជាក់ថា ការកត់សម្គាល់ខាងលើរបស់លោក Lee Hsien Loong ធ្វើឡើងនៅឱកាសកាសដែលលោកទទួលស្វាគមន៍សមាជិក នៃវេទិកាប្រទេស ឬរដ្ឋតូចៗ ដែលជាក្រុមអង្គការមិនផ្លូវការមួយ មានសមាជិកជាប្រទេសតូចៗជាង ១០០ និងដែលត្រូវបានបង្កើតឡើងដោយសិង្ហបុរីក្នុងឆ្នាំ១៩៩២៕