Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទីបំផុតក្រុមហ៊ុនអាមេរិក Qualcomm ចាប់ផ្តើមរកស៊ីជាមួយ Huawei ឡើងវិញ! (Video inside)

25-09-2019 16:12

(បរទេស)៖ ចាប់តាំងពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei ត្រូវបានរដ្ឋាភិបាលអាមេរិក កត់ឈ្មោះចូលក្នុងបញ្ជីខ្មៅពាណិជ្ជកម្មកាលពីខែឧសភា បណ្តាក្រុមហ៊ុនអាមេរិកដែលជាដៃគូសំខាន់ៗរបស់ Huawei ដូចជាក្រុមហ៊ុនផលិតបន្ទះឈីប Qualcomm ជាដើមសុទ្ធតែទទួលរងការប៉ះពាល់។ ប៉ុន្តែពេល Qualcomm បានចាប់ផ្តើមបន្តទំនាក់ទំនងអាជីវកម្មជាមួយ Huawei វិញហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី​វែបសាយព័ត៌មាន GSM Arena នៅរសៀលថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០១៩។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Qualcomm គឺ លោក ស្ទេវ ម៉ល្លេនខូប (Steve Mollenkopf) បានបញ្ជាក់ថា ក្រុមហ៊ុនលោកបានសម្រេចបន្តធ្វើការរកស៊ី ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei វិញហើយ។ ជាមួយគ្នានេះយោងតាមលោក Mollenkopf ក្រុមហ៊ុន Qualcomm កំពុងតែព្យាយាមស្វែងរកកិច្ចព្រមព្រៀង ស្តីពីការផ្គត់ផ្គង់រយៈពេលវែងជាមួយ Huawei ផងដែរ ប៉ុន្តែលោកមិនបានបញ្ជាក់ថា ផលិតផលអ្វីដែលកំពុងត្រូវបន្តលក់ឲ្យ Huawei នៅឡើយទេ។

គួរបញ្ជាក់ថា កាលពីខែកក្កដា ក្រសួងពាណិជ្ជកម្មអាមេរិកបានប្រកាសថា ខ្លួននឹងចាប់ផ្តើមចេញអាជ្ញាប័ណ្ណពិសេសសម្រាប់ក្រុមហ៊ុនអាមេរិក ដែលមានបំណងចង់បន្តទំនាក់ទំនងអាជីវកម្មជាមួយក្រុមហ៊ុន Huawei។ រីឯកាលពីខែសីហា ក្រុមហ៊ុន Huawei ទទួលបានការពន្យារអាជ្ញាប័ណ្ណបណ្តោះអាសន្ន​សម្រាប់រយៈពេល ៩០ថ្ងៃទៀត ដើម្បីបន្តធ្វើពាណិជ្ជកម្មជាមួយក្រុមហ៊ុនអាមេរិក។

ទោះបីជាក្រុមហ៊ុន Huawei អាចផលិតបន្ទះឈីបដោយខ្លួនឯងក៏ដោយ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ នៅតែមានការពឹងផ្អែកលើក្រុមហ៊ុន Qualcomm សម្រាប់ការផ្គត់ផ្គង់បន្ទះឈីប ដើម្បីបំពាក់លើផលិតផលមួយចំនួនរបស់ខ្លួន។ បើតាមរបាយការណ៍កន្លងមកកាលពីក្នុងឆ្នាំ២០១៨ ក្រុមហ៊ុន Huawei បានចំណាយលុយប្រហែល ១១ពាន់លានដុល្លារ ក្នុងការទិញគ្រឿងបរិក្ខាដ៏ដូចជា​សេវាកម្មផ្សេងៗពីក្រុមហ៊ុនអាមេរិករួមមាន Intel, Micron, និង Qualcomm៕