(វ៉ាស៊ីនតោន)៖ ក្រុមសមាជិកសភានៃសភាតំណាងរាស្ត្រអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ បានបើកការស៊ើបអង្កេតមួយជាផ្លូវការហើយ ដើម្បីដំណើរការនីតិវិធីទម្លាក់លោក ដូណាល់ ត្រាំ ចេញពីតំណែងដោយចោទថា ប្រធានាធិបតីអាមេរិករូបនេះបានស្វះស្វែងរកការគំាទ្រពីបរទេស ដើម្បីផ្ដួលរំលំគូប្រជែងលោក ចូ បៃដិន (Joe Biden) មុនការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២០ ចូលមកដល់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០១៩។

ការប្រកាសបើកការស៊ើបអង្កេតខាងលើ ធ្វើឡើងដោយប្រធានសភាអាមេរិកនៃគណបក្សប្រជាធិបតេយ្យ លោកស្រី ណាន់ស៊ី ផេឡូស៊ី (Nancy Pelosi) និងបន្ទាប់ពីបញ្ចប់កិច្ចប្រជុំបិទទ្វារមួយ នៅថ្ងៃអង្គារសប្ដាហ៍នេះ។ លោកស្រី Pelosi បានគូសបញ្ជាក់យ៉ាងដូច្នេះថា «នៅក្នុងសប្ដាហ៍នេះលោកប្រធានាធិបតី ដូណាល់ ត្រាំ បានទទួលស្គាល់ថា លោកពិតជាបានស្នើឱ្យប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេឡិនស្កាយ (Volodymyr Zelensky) ចាត់វិធានការជាសកម្មភាព ដើម្បីផលប្រយោជន៍នយោបាយរបស់... លោកប្រធានាធិបតីត្រូវតែទទួលខុសត្រូវ ចំពោះរឿងនេះ ហើយគ្មាននរណាម្នាក់អាចអង្គុយលើច្បាប់បានទេ»

ភាពចម្រូងចម្រាស់នយោបាយអាមេរិកបានផ្ទុះឡើងជាថ្មី បន្ទាប់ពីមានសេចក្ដីរាយការណ៍ នាពេលថ្មីៗនេះថា លោក ដូណាល់ ត្រាំ បានពិភាក្សាគ្នាតាមទូរស័ព្ទជាមួយលោក Zelensky ហើយអ្វីដែលបានកើតឡើងឱ្យប្រាកដនៅក្នុងកិច្ចសន្ទនានេះ មិនទាន់អាចបានបញ្ជាក់ឱ្យច្បាស់ឡើយ។ ប៉ុន្តែខាងគណបក្សប្រជាធិបតេយ្យបានចោទប្រកាន់ លោក ត្រាំ ថាបានគំរាមកំហែងកាត់បន្ថយជំនួយយោធា ដើម្បីបងំ្ខឱ្យអ៊ុយក្រែន បើកការស៊ើបអង្កេតពីបទពុករលួយ ប្រឆាំងនឹងបេក្ខជនប្រធានាធិបតីអាមេរិកបក្សប្រជាធិបតេយ្យ លោក ចូល បៃដិន (Joe Biden) និងកូនប្រុសរបស់លោកឈ្មោះ ហានធើ (Hunter)។

ចំណែកឯលោក ដូណាល់ ត្រាំ នៅក្នុងសប្ដាហ៍នេះក៏បានទទួលស្គាល់ដែរថា លោកពិតជាបានពិភាក្សាពីរឿងលោក Joe Biden ជាមួយលោក Zelensky ពិតមែន ប៉ុន្តែបញ្ជាក់ថា លោកគ្រាន់តែព្យាយាមបញ្ចុះបញ្ចូលឱ្យអឺរ៉ុប បង្កើនជំនួយដល់អ៊ុយក្រែន តាមរយៈការគំរាមកាត់បន្ថយជំនួយយោធាតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា Impeachment ឬនិតិវិធីទម្លាក់ពីតំណែង គឺជានីតិវិធីនយោបាយ សម្រាប់មន្ត្រីស៊ីវិល ក្នុងនោះរួមមានទាំងប្រធានាធិបតី និងអនុប្រធានាធិបតីអាមេរិក ដែលត្រូវទម្លាក់ចេញពីតំណែង ក្នុងករណីមានការរកឃើញថា បានប្រព្រឹត្តទង្វើក្បត់ជាតិពុករលួយ ឬបទឧក្រិដ្ឋជាក់ស្ដែងធ្ងន់ធ្ងរមួយចំនួនដទៃទៀត ផ្អែកលើមាត្រា ២, កថាខណ្ឌទី៤ នៃរដ្ឋធម្មនុញ្ញអាមេរិក៕