(ញូយ៉ក)៖ ដោយឡែកពីកិច្ចប្រជុំមហាសន្និបាត នៃអង្គការសហប្រជាជាតិ (UNGA) ក្នុងបុរីញូយ៉ក សហរដ្ឋអាមេរិក រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានលើកឡើងយ៉ាងដូច្នេះថា ទីក្រុងប៉េកាំងគ្មានបំណងក្នុងការលេង «ល្បែងដណ្តើមរាជ» នៅលើឆាកអន្តរជាតិនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០១៩។
ការលើកឡើងរបស់លោក វ៉ាង យី ខាងលើនេះបានកើតមានឡើង នៅក្នុងពិធីទទួលទានអាហារពេលល្ងាចមួយ ដែលត្រូវបានរៀបចំឡើងរួមគ្នារវាងគណៈកម្មាធិការ ទំនាក់ទំនងរវាងចិន និងអាមេរិក, ក្រុមប្រឹក្សាពាណិជ្ជកម្មចិន និងអាមេរិក, សភាពាណិជ្ជកម្មអាមេរិក និងក្រុមប្រឹក្សាទំនាក់ទំនងការបរទេស។ រដ្ឋមន្ត្រីការបរទេសចិនក៏បានសង្កត់ធ្ងន់ផងដែរថា «ចេតនាបង្កអនុត្តរភាព មិនដែលមាននៅក្នុង DNA របស់ចិនឡើយ»។
គួរបញ្ជាក់ថា ពិធីជប់លៀងខាងលើនេះ ធ្វើឡើងក្នុងឱកាសដែលតំណាងជាន់ខ្ពស់ចិន កំពុងស្ថិតនោសហរដ្ឋអាមេរិក ដើម្បីចូលរួមមហាសន្និបាតនៃអង្គការ សហប្រជាជាតិ ដែលបណ្តាប្រទេសធំៗជាច្រើនកំពុងប្រើវេទិកានេះ ដើម្បីសម្តែងនូវឥទ្ធិពលរៀងៗខ្លួន និងការរិះគន់របស់ពួកគេចំពោះបញ្ហាធំៗ ដែលកំពុងកើតមានឡើងនៅលើពិភពលោក ហើយសហរដ្ឋអាមេរិកវិញ តាមរយៈសម្តីរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានតម្កល់ផលប្រយោជន៍ជាតិជាធំផងដែរ ខណៈខ្លួនជាមហាអំណាចលេខ ១ ស្រាប់ទៅហើយនោះ៕