(អាមេរិក)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA កំពុងចង់បានកែវយឺតអវកាសថ្មី ដែលមានសមត្ថភាពតាមដានអាចម៍ផ្កាយ ដើម្បីបញ្ចៀសការបង្កគ្រោះថ្នាក់ដល់ភពផែនដីយើង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយព័ត៌មាន Space នាព្រឹកថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០១៩។
ខណៈនាពេលឆាប់ៗខាងមុខ ផែនដីនឹងត្រូវបាត់បង់ឧបករណ៍ដ៏សំខាន់របស់ខ្លួន ក្នុងកិច្ចប្រឹងប្រែងឃ្លាំមើលអាចម៍ផ្កាយនានា ដែលអាចបង្កការគំរាមកំហែងអង្គការ NASA បានសម្រេចរៀបចំដើមទុនសម្រាប់អភិវឌ្ឍន៍កែវយឺតអវកាសថ្មី ដើម្បីប្រើប្រាស់ជំនួសកែវយឺតអវកាសចាស់ ដែលហួសកាលកំណត់នោះ។
បើតាមអង្គការ NASA គម្រោងខាងលើគឺជាការបង្កើតកែវយឺតអវកាសថ្មីមួយ ដែលមានសមត្ថភាពចាប់សញ្ញា និងតាមដានពពួកអាចម៍ផ្កាយប្រភេទ NEO ដែលហោះកាត់កៀកៗផែនដី។ គម្រោងនេះនឹងស្ថិតក្រោមការដឹកនាំរបស់វិទ្យាស្ថានស្រាវជ្រាវ Jet Propulsion Laboratory របស់ NASA ហើយឧបករណ៍ថ្មីនោះត្រូវគេរំពឹងថា នឹងអាចបញ្ជូនឡើងទីអវកាសបាននៅឆ្នាំ២០២៥ ប៉ុន្តែ NASA បានបញ្ជាក់ថា វាមិនមែនជាកាលបរិច្ឆេទកំណត់ផ្លូវការឡើយ គឺអាស្រ័យលើកញ្ចប់ថវិកាសម្រាប់គម្រោងនេះ។
គួរជម្រាបថា បច្ចុប្បន្នកែវយឺតអវកាសដែលមានតួនាទីតាមដានអាចម៍ផ្កាយ គឺឈ្មោះ WISE ដែលវាពុំត្រូវបានរចនាឡើងសម្រាប់កិច្ចការបែបនេះចំតែម្តងឡើយ។ កែវយឺតអវកាស WISE ត្រូវបានបាញ់បង្ហោះឡើងទៅទីអវកាសកាលពីចុងឆ្នាំ២០០៩ ដើម្បីថតមើលផ្ទៃមេឃ តែវាត្រូវបានដាក់ឲ្យសម្រាកនៅខែកុម្ភៈ ឆ្នាំ២០១១។
នៅឆ្នាំ២០១៣ អង្គការ NASA ក៏បានដំណើរការ WISE ឡើងវិញ ដើម្បីតាមដានអាចម៍ផ្កាយ ក្រោមឈ្មោះបេសកកម្មហៅថា NEOWISE ដោយគិតចាប់តាំងពីនោះមក វាបានប្រទះឃើញដុំថ្មអវកាសរាប់សិបម៉ឺន ហើយក្នុងចំណោមនោះ ១៣៥ដុំ បានហោះកាត់ក្បែរៗនឹងប្រព័ន្ធផែនដីយើងតែម្តង។ យ៉ាងណាមិញបើតាម NASA បេសកកម្ម NEOWISE អាចនឹងត្រូវបញ្ចប់នៅអំឡុងពាក់កណ្តាលឆ្នាំ២០២០ ខាងមុខនេះហើយ៕