(បរទេស)៖ ដូចដែលយើងបានដឹងហើយថា ស្មាតហ្វូនស៊េរី Mate 30 របស់ក្រុមហ៊ុន Huawei នឹងពុំមានកម្មវិធី (App) របស់ Google រួមមានដូចជា Gmail YouTube Maps និង Play Store ដូចស្មាតហ្វូនមុនៗឡើយ ដោយសារតែទណ្ឌកម្មរបស់រដ្ឋាភិបាលអាមេរិក ដែលប្រការនេះបានបង្កការព្រួយបារម្ភ និងស្ទាក់ស្ទើរចិត្តសម្រាប់អ្នកគាំទ្រ Huawei និងចង់បានវាយកមកប្រើប្រាស់។ ប៉ុន្តែនាពេលនេះមានការបង្ហើបឲ្យដឹងថា ទោះជាមិនមានសេវាកម្ម Google មកស្រាប់ក៏ដោយក៏ការដំឡើងកម្មវិធីទាំងអស់នោះនៅលើ Mate 30 គឺជារឿងងាយស្រួលបំផុត ដែលចំណាយពេលត្រឹមប៉ុន្មាននាទីប៉ុណ្ណោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Forbes នៅល្ងាចថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០១៩។
ព្រោះតែការកត់ឈ្មោះចូលក្នុងបញ្ជីខ្មៅរបស់អាមេរិក កាលពីខែឧសភា ស្មាតហ្វូនស៊េរីថ្មីចុងក្រោយ Mate 30 របស់ Huawei មិនអាចប្រើប្រាស់សេវាកម្មជាកញ្ចប់កម្មវិធី របស់ក្រុមហ៊ុនអាមេរិក Google ដែលហៅថា Google Mobile Services ឬ GMS បានទៀតឡើយ។ ខណៈភ្លាមៗក្រោយការបង្ហាញខ្លួនកាលពីសប្តាហ៍មុន អ្នកគាំទ្រក្រុមហ៊ុននេះមានការព្រួយបារម្ភថា ស្មាតហ្វូន Mate 30 នឹងគ្មានផ្លូវអាចប្រើ GMS បានតែម្តងនោះ ឥឡូវមានការបង្ហើបឲ្យដឹងរួមជាមួយវីដេអូជាក់ស្តែង ដែលបានបង្ហាញថា វាអាចទៅរួចហើយថែមទាំងងាយស្រួលខ្លាំងទៀតផង និងមិនប៉ះពាល់ដល់ដំណើររបស់ទូរស័ព្ទឡើយគឺធម្មតា។
យ៉ាងណាមិញ លទ្ធផលដែលប្រសើរបំផុតសម្រាប់ក្រុមហ៊ុន Huawei និងអតិថិជនទាំងឡាយនៅជុំវិញពិភពលោក គឺការសម្រេចដកទណ្ឌកម្មក៏ដូចជាលុបឈ្មោះ Huawei ចេញពីបញ្ជីខ្មៅពាណិជ្ជកម្មរបស់រដ្ឋាភិបាលវិញ ដែលជារឿងនៅតែអាចកើតឡើងនាពេលខាងមុខ ដោយមើលមិនឃើញនោះឡើយ ប៉ុន្តែតំណាង Huawei បានអះអាងថា បើសិនជាទណ្ឌកម្មត្រូវបានដកចេញ នោះការដំឡើង Google Services ចូលក្នុងទូរស័ព្ទនឹងប្រើពេលតែមួយយប់ប៉ុណ្ណោះ។
គួរជម្រាបថា ស្មាតហ្វូន Huawei Mate 30 នឹងចាប់ផ្តើមដាក់លក់ជាដំបូង នៅក្នុងប្រទេសចិនផ្ទាល់នៅប៉ុន្មានថ្ងៃខាងមុខនេះ។ ពាក់ព័ន្ធនឹងបញ្ហាកម្មវិធីនេះ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei ក៏បានជំរុញលើកទឹកចិត្តដល់ក្រុមអ្នកអភិវឌ្ឍន៍ App នៅជុំវិញពិភពលោកចូលរួមជួយជ្រោមជ្រែង និងផលិត App ដាក់ក្នុងសេវាកម្មកញ្ចប់កម្មវិធី Huawei Mobile Services (HMS) ដែលជាសមិទ្ធផលរបស់ Huawei ផ្ទាល់ផងដែរ។ Huawei រំពឹងថា នឹងលក់ទូរស័ព្ទស៊េរី Mate 30 បានចំនួន ២០លានគ្រឿង ដោយផ្តោតលើទីផ្សារចិនជាសំខាន់៕