(តេហេរ៉ង់)៖ នៅក្នុងជំនួបជាមួយសមភាគីបារាំងលោក អ៊ែមម៉ានុយអែល ម៉ាក្រុង នាទីក្រុងញូយ៉កសហរដ្ឋអាមេរិក ប្រធានាធិបតីអ៊ីរ៉ង់លោក ហាស្សាន រួហានី បានវាយបកវិញថា ការលើកឡើងរបស់អាល្លឺម៉ង់ អង់គ្លេស និងបារាំងថា អ៊ីរ៉ង់ជាអ្នកស្ថិតនៅពីការវាយប្រហាររោងចក្រ នៅប្រទេសអារ៉ាប៊ីសាអូឌីតនោះគឺជា «ល្បែងនៃការទម្លាក់កំហុសដោយគ្មានមូលដ្ឋាន»។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០១៩។
កាលពីថ្ងៃចន្ទប្រធានាធីបតីបារាំង លោក អ៊ែមម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) អធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែឡា មើគែល (Angela Merkel) និងនាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន (Boris Jonhson) បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយថា «ពួកយើងថ្កោលទោស ចំពោះការវាយប្រហារលើមូលដ្ឋានប្រេង លើទឹកដីអារ៉ាប៊ីសាអូឌីត នៅថ្ងៃទី១៤ ខែកញ្ញា នៅតំបន់ អាប់កេក (Abqaiq) និង ឃួរ៉េស (Khurais) ហើយយើងឈរនៅខាងព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតជានិច្ច។ សម្រាប់ពួកវាយើង វាច្បាស់ណាស់ថា អ៊ីរ៉ង់គឺជាអ្នកប្រព្រឹត្តសកម្មភាពវាយប្រហារនេះ ព្រោះវាពុំមានការពន្យល់បកស្រាយណាផ្សេងទៀត ដែលអាចទៅរួចនោះឡើយ»។
គួរបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់បានច្រានចោលការចោទប្រកាន់ដូចខាងលើនេះ តាំងតែពីក្រោយសហរដ្ឋអាមេរិក បានធ្វើការចោទប្រកាន់ខ្លួនដំបូងមកម្ល៉េះ នៅប៉ុន្មានម៉ោងក្រោយក្រុមឧទ្ទាមហួធី (Houthi) នៅយ៉េមែនចេញមុខអះអាងថា ពួកគេគឺជាអ្នកវាយប្រហារ រោងចក្រចំនួនពីរកន្លែង នៃក្រុមហ៊ុនប្រេងអារ៉ាប៊ីសាអូឌីតអារ៉ាមកូ។
ដោយឡែកបញ្ហានេះក៏កំពុង ស្ថិតនៅក្នុងប្រធានបទក្តៅគគុកនៃការជជែកដេញដោល សម្រាប់កិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ក្នុងបុរីញូយ៉កផងដែរ ព្រោះតម្លៃប្រេងសកលកំពុងកើនឡើង ក្រោយការវាយប្រហារនៅអារ៉ាប៊ីសាអូឌីត ហើយភាពតានតឹងនេះកំពុងធ្វើឲ្យមជ្ឈិមបូព៌ា រំកិលទៅកាន់ជិតមាត់ជ្រោះនៃសង្គ្រាម៕