(ហ្សឺណែវ)៖ ក្រុមអ្នកជំនាញឯករាជ្យអង្គការសហប្រជាជាតិ (UN) ចំនួន៣០នាក់ បានចេញផ្សាយលិខិត ចំហរួមគ្នាមួយ ដោយអំពាវនាវឱ្យប្រទេសនៅលើសកលលោក និងក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គម ទាំងអស់ចាត់វិធានការសកម្មភាពទប់ស្កាត់ការរើសអើងពូជសាសន៍ ឬភាសារើសអើងទាំងឡាយ។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០១៩។
ក្រុមជំនាញ UN ក៏បានឱ្យដឹងដែរថា ពួកគេទទួលបានរបាយការណ៍ជាច្រើន ពាក់ព័ន្ធនឹងការកើនឡើងនៃការរើសអើងពូជសាសន៍ ឬភាសារើសអើង ការញុះញង់ អំពើហិង្សា និងភាសាបង្កជម្លោះ ហើយដែលនេះគឺជាពេលដែលយើងទាំងអស់គ្នាត្រូវចូលរួមទប់ស្កាត់។ ការប្រើប្រាស់ភាសាទាំងនេះត្រូវបានគេមើលឃើញថា បានកើតមានឡើងកាន់តែច្រើន នៅតាមបណ្តាញសង្គមធំៗរបស់ពិភពលោកដូចជា Facebook, Twitter និង YouTube ជាដើម ដែលសុទ្ធសឹងតែជាវេទិកាអាចឲ្យមានការបញ្ចេញមតិដោយសេរី និងជាលក្ខណៈកំបាំងមុខក៏មាន។
គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញ UN ការចាត់ទុក ឬការពិពណ៌នាលើមនុស្សមួយក្រុម ឬជាតិសាសន៍មួយជាក្រុមបង្កគ្រោះថ្នាក់ គឺជារឿងមួយដែលអាចនឹងបង្កឱ្យសោកនាដកម្មកើនឡើង រីឯក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គមនានា គួរតែធានាឱ្យបានច្បាស់លាស់ថា ខ្លួននឹងមិនអនុញ្ញាតឱ្យមានការប្រើប្រាស់ភាសា ឬសកម្មភាពរើសអើងពូជសាសន៍ ព្រមទាំងការអុជអាល ឬញុះញង់បង្កអំពើហិង្សា កើតឡើងលើបណ្ដាញទំនាក់ទំនងសង្គមរបស់ខ្លួនជាដាច់ខាត៕