Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យូអិន៖ លោក ដូណាល់ ត្រាំ អះអាងថា ជំនួបលើកទី៤ជាមួយលោក គីម ជុងអ៊ុន នឹងកើតមានឡើងឆាប់ៗ

24-09-2019 09:58

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា ជំនួបកំពូលលើកទី ៤ ជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន អាចនឹងត្រូវបានឡើងក្នុងពេលឆាប់ៗនេះ បើទោះជាកិច្ចចរចារំសាយអាវុធនុយក្លេអ៊ែរកំពុងជាប់គាំងក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០១៩។

លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់ដូចខាងលើ នៅពេលទៅដល់ទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ ស្ថិតក្នុងទីក្រុងញូយ៉កនៅថ្ងៃចន្ទសប្ដាហ៍នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូល នៃមហាសន្និបាតអង្គការសហប្រជាជាតិ និងជាការ ឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មានថា តើលោកមានគម្រោងជួបលោក គីម ជាថ្មីដែរឬទេ? លោក ត្រាំ បានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា «ជំនួបនេះអាចនឹងកើតឡើងក្នុងពេលឆាប់ៗនេះ»។ ប៉ុន្តែ លោកមិនបានបញ្ជាក់អ្វីលម្អិតបន្ថែមនោះទេ។

គួរបញ្ជាក់ថា ប៉ុន្មានខែចុងក្រោយនេះ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់ តែលោក ត្រាំ នៅតែអះអាងដដែលពីទំនាក់ទំនងល្អជាមួយលោក គីម ជុងអ៊ុន។ លោក ត្រាំ និងលោក គីម ធ្លាប់ជួបគ្នាបីលើករួចមកហើយ គឺនៅក្នុងប្រទេសសិង្ហបុរីកាលពីខែមិថុនា ឆ្នាំ២០១៨ នៅទីក្រុងហាណូយប្រទេសវៀតណាម នៅចុងខែកុម្ភៈ និងលើកចុងក្រោយនៅតំបន់ព្រំដែនគ្មានយោធាអន្តរកូរ៉េ កាលពីខែមិថុនា នៅឆ្នាំ២០១៩នេះ៕