លោក ម៉ាឌូរ៉ូ ឡើងជិះយន្ដហោះទាំងយប់ទៅរុស្ស៊ី ដើម្បីស្វែងរកការគំាទ្រពីលោក ពូទីន (Video inside)
24-09-2019 08:39
(ម៉ូស្គូ)៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានធ្វើដំណើរតាមយន្ដហោះ ទាំងយប់ ដើម្បីបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសរុស្ស៊ី ជាទីដែលលោកនឹងជួបពិភាក្សា ការងារជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ក្នុងគោលបំណងស្វែងរកការគំាទ្រ និងការពង្រឹង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពីទីក្រុងម៉ូស្គូ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០១៩។
ថ្លែងនៅមុនឡើងជិះយន្ដហោះនៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) លោក ម៉ាឌូរ៉ូ បានលើកឡើង ដូច្នេះថា៖ «នៅប៉ុន្មានម៉ោងទៀត ពោលគឺនៅយប់នេះ ខ្ញុំនឹងបំពេញដំណើរទស្សនកិច្ចផ្លូវការមួយ ទៅកាន់រុស្ស៊ី ដើម្បីជួបជាមួយមិត្តរបស់យើង គឺលោកប្រធានាធិបតី វ៉ា្លឌីមៀ ពូទីន ព្រមទាំងក្រុមមន្ត្រី របស់លោក និងអ្នកជំនួញធំៗនៅរុស្ស៊ី»។
គួរបញ្ជាក់ថា លោក ម៉ាឌូរ៉ូ និងលោក ពូទីន ធ្លាប់ជួបគ្នាម្ដងរួចមកហើយក្នុងទីក្រុងមូស្គូ កាលពីខែធ្នូ ឆ្នាំ២០១៨ ហើយក្រោយជំនួបនេះមេដឹកនាំទាំងពីរក៏បានឯកភាពគ្នាផងដែរ ក្នុងការពង្រឹងទំនាក់ទំនង រវាងប្រទេសទាំងពីរ ខណៈវេណេស៊ុយអេឡាកំពុងជាប់ផុងក្នុងវិបត្តិនយោបាយ និងការបែកបាក់ យ៉ាងធ្ងន់ធ្ងរ៕