(ការ៉ាកាស់)៖ ខណៈដែលទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសវេណេស៊ុយអេឡានៅតែបន្តភាពតានតឹងនៅឡើយ ជុំវិញការដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើវេណេស៊ុយអេឡា និងការទទួលស្គាល់មេបក្សប្រឆាំងលោក ហ្ស៊ាន ហ្គៃដូ (Juan Guaido) ជាប្រធានាធិបតីស្តីទី ផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញប្រទេសអាមេរិកឡាទីនមួយនេះ លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ បានអះអាងបែបសុទិដ្ឋិនិយមថា លោកស្វាគមន៍បើសិនជាអាចមានជំនួបទល់មុខគ្នាលើកទី១ ជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ តែលោកចង់ឲ្យសហរដ្ឋអាមេរិក បោះបង់ចោលនយោបាយលធ្វើទុក្ខបុកម្នេញវេណេស៊ុយអេឡា ដែលនៅសេសសល់តាំងពីអតីតរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា នោះចោលសិន។ នេះបើតាមការចេញផ្សាយដោយ Sputnik នាល្ងាចថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០១៩។
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន រ៉ូស្ស៊ីយ៉ា ២៤ (Rossiya 24) លោក ម៉ាឌូរ៉ូ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ពិតណាស់ថាអាច» ចំពោះការជួបពិភាក្សាដោយផ្ទាល់ ជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។ ប្រធានាធិបតីវេណេស៊ុយអេឡារូបនេះ បានសង្កត់ធ្ងន់ទៀតថា «ខ្ញុំជឿជាក់ថាលោកប្រធានាធិបតី ត្រាំ បានបោះបង់ចោលនយោបាយដែលបានបរាជ័យនោះហើយ (នយោបាយធ្វើទុក្ខបុកម្នេញវេណេស៊ុយអេឡា ដែលចាប់ផ្តើមឡើងកាលពីអតីតរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា)... វាដល់ពេលហើយ ដែលអាមេរិកឈប់ធ្វើបាបវេណេស៊ុយអេឡា»។
គួរបញ្ជាក់ថា ការលើកឡើងរបស់លោក នីកូឡាស់ ម៉ាឌូរ៉ូ បានធ្វើឡើងនៅចំពោះមុខការប្រព្រឹត្តទៅនៃកិច្ចប្រជុំប្រចាំឆ្នាំរបស់ មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) នៅបុរីញូយ៉កសហរដ្ឋអាមេរិក ដែលចាប់ផ្តើមប្រព្រឹត្តទៅក្នុងសប្តាហ៍នេះហើយ ខណៈបញ្ហារសើបៗជាច្រើនលើលោក នឹងត្រូវលើកយកមកពិភាក្សា ហើយមេដឹកនាំប្រទេសជាច្រើនក៏នឹងឆ្លៀតឱកាសជួបពិភាក្សាគ្នា អំពីការពង្រឹងទំនាក់ទំនងរវាងប្រទេសរៀងៗខ្លួនផងដែរ៕