(ប៉េកាំង)៖ ចិននឹងផ្សាភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការឡើងវិញ ជាមួយប្រទេសគីរីបាទី (Kiribati) បន្ទាប់ពីប្រទេសដីកោះនៅប៉ាស៊ីហ្វិកមួយនេះ បានសម្រេចបោះបង់ចោលកោះតៃវ៉ាន់ ហើយងាកមកទទួលស្គាល់ប្រទេសចិនជាថ្មីវិញ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅល្ងាចថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០១៩។
នាថ្ងៃចន្ទនេះអ្នកនាំពាក្យក្រសួងការបរទេសចិន លោក ហ្គែន ហ្ស័ង (Geng Shuang) បាននិយាយថា ទីក្រុងប៉េកាំងនឹងចាប់ផ្តើមចំណងការទូតឡើងវិញជាមួយ Kiribati ដោយចិនជឿជាក់ថា វានឹងបម្រើជាប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរ ហើយល្អសម្រាប់សុខសន្តិភាព ស្ថិរភាព ក៏ដូចជាវិបុលភាព នៃបណ្តាប្រទេសនៅតំបន់ប៉ាស៊ីហ្វិកទាំងមូល។ លោក Geng បានបញ្ជាក់ទៀតថា ប្រទេសលោកពិតជាស្វាគមន៍ចំពោះការសម្រេចចិត្តរបស់ Kiribati ជុំវិញទំនាក់ទំនងជាមួយតៃវ៉ាន់។
គួរជម្រាបថា កាលពីសប្តាហ៍មុនកោះតៃវ៉ាន់ និងប្រទេស Kiribati បានប្រកាសផ្តាច់ចំណងការទូតរវាងគ្នាជាផ្លូវការតែម្តង។ ប្រទេសចិន និង Kiribati ក៏ ធ្លាប់មានចំណងការទូតជាមួយគ្នាដែរគឺដល់ត្រឹមឆ្នាំ២០០៣ នៅពេលដែលខ្លួនបានងាកទៅបង្កើតទំនាក់ទំនងជាមួយតៃវ៉ាន់វិញ ដែលជាហេតុបង្ខំឲ្យចិន កាត់ផ្តាច់ទំនាក់ទំនងកាលនោះចោល។
ខណៈនេះកោះតៃវ៉ាន់មានទំនាក់ទំនងផ្លូវការ តែជាមួយប្រទេសត្រឹម ១៥ប៉ុណ្ណោះ នៅជុំវិញពិភពលោក ដែលភាគច្រើនជាប្រទេសតូចៗនៅតំបន់អាមេរិកឡាទីន និងនៅប៉ាស៊ីហ្វិក ខណៈប្រទេសពីរចុងក្រោយគេ ដែលបានបោះបង់ចោលតៃវ៉ាន់ គឺ សូឡូម៉ុន (Solomon) និង Kiribati។ Kiribati គឺជាប្រទេសប្រជុំដោយកោះស្ថិតនៅកណ្តាលមហាសមុទ្រប៉ាស៊ីហ្វិកតែម្តង និងមានប្រជាជនរស់នៅតែជាង ១១ម៉ឺននាក់ប៉ុណ្ណោះ៕