(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសម្ដែងការអបអរសាទរ និងកោតសរសើរយ៉ាងខ្លាំងដល់ការងារដ៏អស្ចារ្យ នៃកម្មវិធីអវកាសអាមេរិកដើម្បីបញ្ជូន អវកាសយានិក ទៅកាន់ឋានព្រះច័ន្ទនៅឆ្នាំ២០២៤។ ប៉ុន្តែលោកបញ្ជាក់ថា គោលដៅធំគឺភពព្រះអង្គារទៅវិញ ជាមួយការព្រលយពាក្យមួយឃ្លាថា ឋានព្រះច័ន្ទគ្មានអ្វីគួរឱ្យចាប់អារម្មណ៍ឡើយ ខណៈចិន និងឥណ្ឌា កំពុងផ្តោតលើភពមួយនេះ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Space.com នៅរសៀលថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០១៩។
លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់ខាងលើប្រាប់អ្នកសារព័ត៌មាននៅឯសេតវិមាន កាលពីថ្ងៃសុក្រ ទី២០ ខែកញ្ញាកន្លងទៅ បន្ទាប់ពីជំនួបជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ស្កុត មូរីសុន (Scott Morrison)។ នាឱកាសនោះលោក ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា «យើងកំពុងត្រៀមធ្វើដំណើរទៅកាន់ភពព្រះអង្គារ ដែលជាគោលដៅដ៏ធំរបស់យើង ហើយវាគួរឱ្យចាប់អារម្មណ៍ជាងឋានព្រះចន្ទទៅទៀត។ ប៉ុន្តែយើងត្រូវឈប់សំចត នៅឋានព្រះចន្ទសិន ពីព្រោះឋានព្រះច័ន្ទគឺនឹងក្លាយជាកន្លែងបាញ់បង្ហោះយានមួយ... យើងធ្លាប់បានទៅដល់ឋានព្រះច័ន្ទរួចហើយ ដូច្នេះវាគ្មានអ្វីគួរឱ្យចាប់អារម្មណ៍ទេ។ ដូច្នេះយើងនឹងបន្តទៅឋានព្រះច័ន្ទ ប៉ុន្តែយើងនឹងផ្តោតសំខាន់លើភពព្រះអង្គារ»។
គួរជម្រាបថា បើតាមលោក ដូណាល់ ត្រាំ ក្រុមមន្ត្រីអវកាសអាមេរិកបានឱ្យដឹងថា ឋានព្រះច័ន្ទនឹងក្លាយជាកន្លែងឈប់សំចត សម្រាប់បេសកកម្មទៅភពព្រះអង្គារ ឬដែលបច្ចុប្បន្នគំរោងច្រកទ្វារឋានព្រះច័ន្ទ ដែលហៅយ៉ាងខ្លីថា Lunar Space Gatway កំពុងតែប្រព្រឹត្តទៅហើយនោះ។ ដោយឡែកគម្រោង
បញ្ជូនអវកាសយាននិកទៅកាន់ឋានព្រះច័ន្ទ នៅត្រឹមឆ្នាំ២០២៤ ត្រូវបានបង្ហើបដោយ អនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ភែន (Mike Pence)។ ប៉ុន្តែ នៅក្នុងបទបញ្ជាមួយកាលពីខែធ្នូ ឆ្នាំ២០១៧ លោក ដូណាល់ ត្រាំ បានបង្គាប់ឱ្យអង្គការ NASA បញ្ជូនអវកាសយាននិកទៅកាន់ឋានព្រះច័ន្ទ តែផ្ដោតជាសំខាន់លើភពព្រះអង្គារ៕