(អង់គ្លេស)៖ មនុស្សម្នានៅក្នុងស្ថានីយរថភ្លើង នៃអាកាសយានដ្ឋានមែឆេស្ទឺរ (Manchester) របស់ចក្រភពអង់គ្លេស ត្រូវបានជម្លៀសចេញជាបន្ទាន់ ក្រោយមានការប្រទះឃើញកញ្ចប់មួយ ដែលគេសង្ស័យថាជាគ្រាប់បែកបង្កៃ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០១៩។
ខណៈនេះកម្លាំងប៉ូលិសអង់គ្លេសកំពុងតែធ្វើប្រតិបត្តិការ ក្រោយមានសេចក្តីរាយការណ៍អំពីកញ្ចប់សង្ស័យនៅទីតាំងខាងលើ ។ បុរសម្នាក់ត្រូវគេរាយការណ៍ថា កំពុងស្ថិតក្រោមការឃាត់ខ្លួនពាក់ព័ន្ធហេតុការណ៍នេះផងដែរ។ ដោយឡែកអ្នកនាំពាក្យរបស់អាកាសយានដ្ឋាន Manchester បានប្រាប់ថា ករណីនេះបានប៉ះពាល់ដល់ជើងធ្វើដំណើរតាមរថភ្លើង ប៉ុន្តែមិនរំខានដល់ជើងហោះហើរនោះឡើយ។
គួរជម្រាបថា ទន្ទឹមគ្នានេះក្រុមអ្នកជំនាញខាងដោះគ្រាប់បែករបស់ប៉ូលិសអង់គ្លេស ក៏កំពុងតែធ្វើដំណើរទៅកាន់កន្លែងហេតុ ដើម្បីពិនិត្យមើលឲ្យស្ថានការណ៍ឲ្យបានច្បាស់ថា កញ្ចប់គួរឲ្យសង្ស័យនោះគឺជាគ្រាប់បែកពិតមែន ឬក៏យ៉ាងណា៕