(ឡុងដ៍)៖ Thomas Cook ដែលជាក្រុមហ៊ុនទេសចរណ៍អង់គ្លេសដ៏មានវ័យចំណាស់មួយ នៅលើពិភពលោក បានក្ស័យធនហើយនៅថ្ងៃចន្ទនេះ ដោយសារតែវិបត្តិហិរញ្ញវត្ថុ ខណៈអ្នកធ្វើដំណើរកម្សាន្តទៅក្រៅប្រទេស តាមរយៈក្រុមហ៊ុននេះរាប់ពាន់នាក់ កំពុងជាប់គាំងនៅទូទាំងពិភពលោក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០១៩។
យោងតាមអាជ្ញាធរអាកាសចរណ៍ស៊ីវិលអង់គ្លេស (CAA) ក្រុមហ៊ុន Thomas Cook បានបញ្ឈប់ប្រតិបត្តិការ ពាណិជ្ជកម្មរបស់ខ្លួនភ្លាមៗ ដែលនេះធ្វើឱ្យអ្នកធ្វើដំណើរកម្សាន្ត ៦០០,០០០នាក់ ក្នុងនោះមានជនជាតិ អង់គ្លេសច្រើនជាង១៥០,០០០នាក់ កំពុងជាប់គាំង។ ប៉ុន្តែ ព្រមពេលជាមួយគ្នា រដ្ឋមន្ត្រីដឹកជញ្ជូនអង់គ្លេស លោក Grant Shapps បានអះអាងថា រដ្ឋាភិបាលទីក្រុងឡុងដ៍ និងអាជ្ញាធរ CAA បានចេញថ្លៃជួលយន្ដហោះ ជាច្រើនគ្រឿង ដើម្បីដឹកពលរដ្ឋអង់គ្លេសជាអតិថិជនរបស់ក្រុមហ៊ុនមួយនេះត្រឡប់មកផ្ទះវិញ។
គួរបញ្ជាក់ថា ក្រុមហ៊ុនទេសចរណ៍អង់គ្លេស Thomas Cook មានអាយុកាលជាង១៧៨ឆ្នាំមកហើយ ដោយ វាបានបង្កើតឡើងតាំងតែពីឆ្នាំ១៨៤១មកម្លេះ។ ម្យ៉ាងវិញទៀត ការក្ស័យធនរបស់ក្រុមហ៊ុនមួយនេះ បាន បណ្ដាលឱ្យមនុស្ស ២២,០០០នាក់បាត់បង់ការងារនៅក្នុងប្រទេសចំនួន១៦ ក្នុងនោះមាន៩,០០០នាក់ នៅចក្រភពអង់គ្លេស៕