(តេហេរ៉ង់)៖ កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់នាថ្ងៃអាទិត្យនេះ កំពុងចូលរួមពិធីព្យុហយាត្រាដ៏ធំសម្បើម ដែលរៀបចំឡើងក្នុងរដ្ឋធានីតេហេរ៉ង់ផ្ទាល់ ព្រមទាំងនៅតាមទីក្រុងប្រមាណជា៣០ទៀតទូទាំងប្រទេសអ៊ីរ៉ង់ នាឱកាសខួប៣៩ឆ្នាំក្រោយសង្រ្គាមអ៊ីរ៉ាក់-អ៊ីរ៉ង់ កាលពីអំឡុងទសវត្សរ៍១៩៨០។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០១៩។
ពិធីព្យុហយាត្រាខាងលើ បានចាប់ផ្តើមប្រព្រឹត្តទៅកាលពីវេលាព្រឹកថ្ងៃអាទិត្យនេះ នៅទីក្រុងតេហេរ៉ង់ ក៏ដូចជាទីក្រុងដទៃទៀត ហើយមានការចូលរួមពីសំណាក់កងអង្គភាពជាច្រើនផ្សេងៗគ្នានៃកងកម្លាំងប្រដាប់វុធរបស់អ៊ីរ៉ង់។ ជាមួយគ្នានេះ អ៊ីរ៉ង់ក៏មានការធ្វើព្យុហយាត្រាធំសម្បើមមួយផ្សេងទៀតផងដែរ គឺជាព្យុហយាត្រាយោធា ដែលប្រព្រឹត្តទៅនៅលើផ្ទៃទឹកក្នុងតំបន់ឈូងសមុទ្រពែក ជាមួយវត្តមានទូកប្រយុទ្ធនិងនាវាចម្បាំងសរុបខ្ទង់២០០គ្រឿង។
គួរជម្រាបថា សង្រ្គាមអ៊ីរ៉ាក់-អ៊ីរ៉ង់ បានផ្ទុះឡើងកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ១៩៨០ នៅពេលដែលអ៊ីរ៉ាក់បានចូលឈ្លានពានអ៊ីរ៉ង់ ហើយវាបានបញ្ចប់ទៅវិញនៅថ្ងៃទី២០ ខែសីហា ឆ្នាំ១៩៨៨ គឺជិត៨ឆ្នាំក្រោយមក នៅពេលអ៊ីរ៉ង់បានទទួលយកបទឈប់បាញ់របស់អង្គការសហប្រជាជាតិ។
ការធ្វើព្យុហយាត្រាយោធាខាងលើទៀតសោត គឺកើតមានឡើងចំពេលដែលភាពតានតឹង បានកើនឡើងជាថ្មីនៅមជ្ឈិមបូព៌ា ដោយសារករណីវាយប្រហារលើមូលដ្ឋានប្រេងរបស់អារ៉ាប៊ីសាអូឌីត កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ដែលអារ៉ាប៊ីសាអូឌីតផ្ទាល់ និងសហរដ្ឋអាមេរិក បានចោទអ៊ីរ៉ង់ថាជាអ្នកប្រព្រឹត្ត។ ពាក់ព័ន្ធបញ្ហានេះ អាមេរិកបានសម្រេចបញ្ជូនទ័ពបន្ថែមទៅកាន់អារ៉ាប៊ីសាអូឌីត ខណៈប្រធានាធិបតិអ៊ីរ៉ង់ លោក Hassan Rouhani បាននិយាយ ក្នុងពិធីខាងលើថា វាគឺជាការចង់បង្កអស្ថិរភាពនៅតំបន់ឈូងសមុទ្រពែក៕