(រីយ៉ាដ)៖ រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតនឹងនៅរង់ចាំលទ្ធផលនៃការស៊ើបអង្កេតជាមុនសិន ទើបចេញចំណាត់ការឆ្លើយតបចំពោះ ករណីវាយប្រហារមកលើមូលដ្ឋាននៃក្រុមហ៊ុនប្រេងដ៏ធំរបស់ខ្លួន កាលពីសប្តាហ៍មុន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០១៩។
លោក Adel al-Jubeir មន្រ្តីជាន់ខ្ពស់នៃក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត បានប្រាប់ក្រុមអ្នកសារព័ត៌មាននាចុងសប្តាហ៍នេះថា ការស៊ើបអង្កេតដែលមានការចូលរួមពីសំណាក់ក្រុមអ្នកស៊ើបអង្កេតអន្តរជាតិនោះ នឹងបញ្ជាក់យ៉ាងពិតប្រាកដថា ការវាយប្រហារថ្ងៃទី១៤ ខែកញ្ញា គឺមានប្រភពចេញមកពីភាគខាងជើង។ ក្នុងន័យនេះគឺលោកចង់សំដៅថា លទ្ធផលចេញមកនឹងបញ្ជាក់ថា អ៊ីរ៉ង់ជាអ្នកប្រព្រឹត្ត គឺមិនមែនក្រុមឧទ្ទាមក្នុងប្រទេសយេម៉ែន ដែលនៅភាគខាងត្បូងអារ៉ាប៊ីសាអូឌីតឡើយ។
សម្រាប់ចំណាត់ការឆ្លើយតបលោក Adel al-Jubeir មិនបានបញ្ជាក់លម្អិតនោះទេ ដោយគ្រាន់តែថា អារ៉ាប៊ីសាអូឌីតនឹងចេញចំណាត់ការដែលសមស្រប ដោយយោងទៅតាមលទ្ធផលនៃការស៊ើបអង្កេត។ រីឯអាមេរិកវិញ ទើបតែបានសម្រេចដាក់ទណ្ឌកម្មបន្ថែមលើអ៊ីរ៉ង់ និងបានអនុញ្ញាតឲ្យមានការបញ្ជូនទ័ពមកកាន់អារ៉ាប៊ីសាអូឌីត ដើម្បីជួយពង្រឹងសមត្ថភាពការពារដែនអាកាសរបស់សម្ព័ន្ធមិត្តដ៏ធំរបស់ខ្លួននៅមជ្ឈិមបូព៌ានេះ។
គួរជម្រាបថា កាលពីថ្ងៃសៅរ៍សប្តាហ៍មុន មូលដ្ឋានចំនួនពីរកន្លែងរបស់ក្រុមហ៊ុនប្រេង Aramco នៅភាគខាងកើតអារ៉ាប៊ីសាអូឌីត បានឆាបឆេះដោយសារការវាយប្រហារ។ ខណៈក្រុមឧទ្ទាម Houthi នៅយេម៉ែន បានចេញមុខប្រកាសថា វាជាទង្វើរបស់ពួកគេ អារ៉ាប៊ីសាអូឌីតនិងសហរដ្ឋអាមេរិកបានចោទប្រកាន់លើអ៊ីរ៉ង់។ រីឯអ៊ីរ៉ង់បានច្រានចោលថា វាគឺជាការចោទប្រកាន់ដែលគ្មានមូលដ្ឋាន៕