(វ៉ាស៊ីនតោន)៖ ក្រុមអាកាសយានិកនៃយន្តហោះចម្បាំង F-35 របស់សហរដ្ឋអាមេរិក កំពុងតែធ្វើការហ្វឹកហ្វឺន ដើម្បីសិក្សាពីរបៀបទប់ទល់និងយកឈ្នះប្រព័ន្ធដែនអាកាសទំនើបៗរបស់ប្រទេសរុស្ស៊ីព្រមទាំងចិន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០១៩។
សារព័ត៌មាន Sputnik បានដកស្រង់សេចក្តីរាយការណ៍ចេញពីវែបសាយព័ត៌មាន National Interest ដែលមានប្រភពផ្អែកលើក្រុមមន្រ្តីនៅក្រសួងការពារជាតិអាមេរិក។ ក្នុងផ្នែកនៃការធ្វើសមយុទ្ធនោះ ក្រុមពីឡុតយន្តហោះចម្បាំង F-35 កំពុងតែរៀនសូត្រអំពីវិធីសាស្រ្តដើម្បីធ្វើសកម្មភាពវាយប្រហារពីចម្ងាយ ដែលអាចឲ្យពួកគេនៅផុតពីរង្វង់ចាប់សញ្ញានៃរ៉ាដារបស់ប្រព័ន្ធការពារដែនអាកាសសត្រូវ។
មិនតែប៉ុណ្ណោះ ក្រុមពីឡុតរបស់សហរដ្ឋអាមេរិក មិនត្រឹមតែកំពុងត្រៀមលក្ខណៈ សម្រាប់ការទប់ទល់ជាមួយប្រព័ន្ធការពារដែនអាកាសទំនើបៗនាសម័យបច្ចុប្បន្នប៉ុណ្ណោះទេ គឺពួកគេកំពុងព្យាយាមត្រៀមខ្លួនសម្រាប់តទល់ជាមួយបច្ចេកវិទ្យានៃប្រព័ន្ធការពារអាកាស ដែលមិនទាន់ត្រូវបានអភិវឌ្ឍឡើងថែមទៀតផង។
គួរជម្រាបថា ថ្មីៗនេះទើបតែមានសេចក្តីរាយការណ៍ព័ត៌មានដែរថា សហរដ្ឋអាមេរិក មានផែនការអាចទម្លុះនិងវាយកម្ទេចប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី នៅឯតំបន់ Kaliningrad បាន ក្នុងករណីដែលមានសង្រ្គាម៕