(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ការសិក្សាស្រាវជ្រាវមួយបានឱ្យដឹងថា សហរដ្ឋអាមេរិក និងប្រទេសកាណាដា បានបាត់បង់សត្វបក្សីជិត៣ពាន់លាន ក្បាលចាប់តាំងពីឆ្នាំ១៩៧០ ដែលនេះបង្ហាញថាជីវចម្រុះជាសកលកំពុងស្ថិតនៅក្នុងវិបត្តិ៕
២៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានយល់ព្រមអនុម័តហើយលើការបញ្ជូន កងទ័ពអាមេរិក ឱ្យទៅជួយពង្រឹងប្រព័ន្ធការពារដែនអាកាសអារ៉ាប៊ីសាអូឌីត បន្ទាប់ពីមានការវាយប្រហារលើរោងចក្រប្រេង នៃរាជាណាចក្រមួយនេះ ដែលទីក្រុងវ៉ាស៊ីនតោនទម្លាក់ការទទួលខុសត្រូវលើអ៊ីរ៉ង់៕
៣៖ ក្រុមប្រតិភូចិនទទួលបន្ទុកកិច្ចចរចាពាណិជ្ជកម្ម បានសម្រេចចិត្តលុបចោលជំនួបជាមួយកសិករអាមេរិក បន្ទាប់ពីបញ្ចប់កិច្ចប្រជុំក្នុងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃសុក្រសប្ដាហ៍នេះ(ម៉ោងនៅអាមេរិក)៕
៤៖ ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន នៅថ្ងៃសៅរ៍នេះ បានលុបចោលជើងហោះហើរនៅក្នុងស្រុក ចំនួន២៧៦ នៅឯតំបន់ប៉ែកខាងត្បូង និងភាគនិរតី ខណៈខ្យល់ព្យុះទីហ្វុង Tapah កំពុងបក់បោកមកកាន់តំបន់ឆ្នេរភាគខាងលិច នៃប្រទេសជប៉ុន៕
៥៖ រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) បានបញ្ជាក់ជាថ្មីឡើងវិញថាប្រទេសម៉ាល់ឌីវមិនមែនកំពុងជាប់ នៅក្នុងអន្ទាក់បំណុលរបស់ចិននោះទេ ខណៈប្រទេសក្នុងតំបន់សមុទ្រឥណ្ឌាមួយនេះកំពុងជំពាក់បំណុលទីក្រុងប៉េកាំង ជាង ៣ពាន់លានដុល្លារ៕
៦៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា ការប្រើប្រាស់កម្លាំងយោធាវាយលុកចូលប្រទេសអ៊ីរ៉ង់ គឺជាការសម្រេចចិត្តយ៉ាងងាយស្រួលជាទីបំផុត ប៉ុន្តែលោកសុខចិត្តជ្រើសរើសយកការអត់ធ្មត់ ដើម្បីអ្នករាល់គ្នា៕